មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារ បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។ នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ព្រះអង្គអធិស្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្ស*មក ក្នុងចំណោមសិស្សទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូនដែលព្រះអង្គប្រទានឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងនោះ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ុស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។ បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឲ្យជាគ្រប់ៗគ្នា។
អាន លូកា 6
ស្ដាប់នូវ លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ