លូកា 5:17-26

លូកា 5:17-26 គខប

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​អា‌ចារ្យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ។ ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។ ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ តើ​អ្នក​ណា​អាច​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ? បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះអង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ អស់​អ្នក​ដែល​នៅ​ទី​នោះ​ស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ