លូកា 5:17-26

លូកា 5:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ កាល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន មាន​ពួក​ផារិស៊ី និង​ពួក​គ្រូ​វិន័យ​អង្គុយ​នៅ​ទីនោះ។ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ភូមិ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​ជា ហើយ​មើល៍ មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដេក​លើ​គ្រែ​មក។ គេ​ព្យាយាម​នាំ​គាត់​ចូល​មក​ដាក់​នៅ​មុខ​ព្រះ‌យេស៊ូវ តែ​គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ពុំ​បាន​សោះ ដោយ​ព្រោះ​មហាជន។ គេ​ក៏​ឡើង​ទៅ​លើ រើ​ដំបូល​ផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​ស្នែង ចំ​កណ្តាល​ចំណោម​មនុស្ស នៅ​ពី​មុខ​ព្រះ‌យេស៊ូវ។ ពេល​ព្រះ‌អង្គ​ឃើញ​ជំនឿ​របស់​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​អើយ បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ»។ ពេលនោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​រិះ‌គិត​គ្នា​ថា៖ «តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ? ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?» កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​ថា៖ "បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង?» ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង) ខ្ញុំ​ប្រាប់​អ្នក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ»។ រំពេច​នោះ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ លើក​គ្រែ​ដែល​គាត់​បាន​ដេក ហើយ​ដើរ​ទៅ​ផ្ទះ ទាំង​សរសើរ​តម្កើង​ព្រះ។ គេ​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​គេ​សរសើរ​តម្កើង​ព្រះ ទាំង​ចិត្ត​ស្ញប់​ស្ញែង​ជា​ខ្លាំង​ថា៖ «យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​ណាស់​នៅ​ថ្ងៃ​នេះ»។

ចែក​រំលែក
អាន លូកា 5

លូកា 5:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​អា‌ចារ្យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ។ ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។ ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ តើ​អ្នក​ណា​អាច​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ? បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះអង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ អស់​អ្នក​ដែល​នៅ​ទី​នោះ​ស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។

ចែក​រំលែក
អាន លូកា 5

លូកា 5:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារិស៊ី នឹង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលី‌ឡេ ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ នោះ​ឃើញ​មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ដាក់​នៅ​ចំពោះ​ទ្រង់ តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សំរូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះ‌យេស៊ូវ តាម​ប្រហោង​ដំបូល លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ នោះ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ចាប់​តាំង​រិះ‌គិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន តែ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរ​ដំកើង​ដល់​ព្រះ​បណ្តើរ នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ​ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។

ចែក​រំលែក
អាន លូកា 5