លូកា 3:1-14

លូកា 3:1-14 គខប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ើរ លោក​ប៉ុនទាស-‌ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ណាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។ លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។ លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។ ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះ‌ជាម្ចាស់»។ លោក​យ៉ូហាន​តែងតែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ? ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។