លូកា 3:1-14

លូកា 3:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ើរ លោក​ប៉ុនទាស-‌ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ណាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។ លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។ លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។ ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះ‌ជាម្ចាស់»។ លោក​យ៉ូហាន​តែងតែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ? ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។

ចែក​រំលែក
អាន លូកា 3

លូកា 3:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុន‌ទាស-ពីឡាត់ ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលីឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​តំបន់​អ៊ីទូ‌រេ និង​ត្រាខូនីត ហើយ​លីសានាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សម្តេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន។ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ពាស​ពេញ​ក្នុង​តំបន់​ជុំ‌វិញ​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ទឹក​ខាង​ឯ​ការ​ប្រែ​ចិត្ត សម្រាប់​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា៖ «មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ ។ គ្រប់​ទាំង​ច្រក​ភ្នំ​ត្រូវ​លុប​បំពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​ត្រូវ​ពង្រាប​ឲ្យ​រាប ផ្លូវ​វៀច​ត្រូវ​តម្រង់​ឲ្យ​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​ធ្វើ​ឲ្យ​ស្មើ នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ ការ​សង្គ្រោះ​របស់​ព្រះ"»។ គាត់​ពោល​ទៅ​កាន់​មហា‌ជន​ដែល​មក​ទទួល​ពិធី​ជ្រមុជ​ពី​គាត់​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ! តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ? ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ។ មិន​ត្រូវ​ចាប់​ផ្ដើម​នឹក​ក្នុង​ចិត្ត​ថា "យើង​មាន​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង" នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រា‌ហាំ​ពី​ថ្ម​ទាំង​នេះ​ក៏​បាន។ សូម្បី​តែ​ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​មាន​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង»។ មហា‌ជន​សួរ​លោក​ថា៖ «ដូច្នេះ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​វិញ?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែក​ដល់​អ្នក​ដែល​គ្មាន ហើយ​អ្នក​ណា​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ»។ ពួក​អ្នក​ទារ​ពន្ធ​ក៏​បាន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​គេ​សួរ​លោក​ថា៖ «លោក​គ្រូ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ?» លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ»។ ពួក​ទាហាន​ក៏​សួរ​លោក​ដែរ​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «កុំ​គំរាម​កំហែង ឬ​មួល​បង្កាច់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រាក់​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ចុះ»។

ចែក​រំលែក
អាន លូកា 3

លូកា 3:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុនទាស-ពីឡាត់ ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុរាជ​នៅ​ស្រុក​កាលី‌ឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុរាជ​នៅ​ស្រុក​អ៊ីទូរេ នឹង​នៅ​ក្រវល់​ស្រុក​ត្រាខូ‌នីត លីសា‌នាស ជា​ស្តេច​អនុរាជ​នៅ​ស្រុក​អាប៊ីលេន ហើយ​ក្នុង​កាល​ដែល​លោក​អាណ នឹង​លោក​កៃផា​ធ្វើ​ជា​សំដេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន គាត់​ក៏​ទៅ​ពេញ​ក្នុង​ស្រុក​ជុំ‌វិញ​ទន្លេ​យ័រដាន់​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិច‌ក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ នៅ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ»។ គាត់​ក៏​ពោល​ដល់​មនុស្ស​ទាំង​ហ្វូង ដែល​មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្ដី​ក្រោធ ដែល​ត្រូវ​មក​ដូច្នេះ បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឰយុកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ ប៉ុន្តែ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ​អស់​ទាំង​ដើម​ណា​ដែល​មាន​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កំរិត​ដែល​បាន​កំណត់​មក​ឡើយ ក៏​មាន​ពួក​ទាហាន​សួរ​គាត់​ដែរ​ថា ឯ​យើង​ខ្ញុំ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​សង្កត់‌សង្កិន ឬ​ចោទ​បង្កាច់​អ្នក​ឯ​ណា​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។

ចែក​រំលែក
អាន លូកា 3