លូកា 24:35-49

លូកា 24:35-49 គខប

សិស្ស​ទាំង​ពីរ​នាក់​រៀប​រាប់​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​ព្រះអង្គ​នៅ​ពេល​ព្រះអង្គ​កាច់​នំប៉័ង។ នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់​កំពុង​តែ​និយាយ​រៀប​រាប់ ព្រះ‌អម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត»។ គេ​ភ័យ​តក់‌ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ត​ដូច្នេះ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ? ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន! ចូរ​ស្ទាប​មើល៍ ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះ‌ហស្ដ និង​ព្រះ‌បាទា​ឲ្យ​គេ​ឃើញ។ សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​ទទួល​យក ហើយ​សោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ក្នុង​គម្ពីរ‌វិន័យ*​របស់​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី* និង​ក្នុង​គម្ពីរ​ទំនុកតម្កើង * ត្រូវ​តែ​កើត​មាន»។ ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​យល់​អត្ថ‌ន័យ​គម្ពីរ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន គឺ​ព្រះ‌គ្រិស្ត*​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ក្នុង​ព្រះ‌នាម​ព្រះអង្គ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។ អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។ ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឫទ្ធា‌នុភាព»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 24:35-49

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ