លូកា 24:35-49

លូកា 24:35-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ និង​ហេតុ‌ការណ៍​ដែល​គេ​បាន​ស្គាល់​ព្រះ‌អង្គ​ច្បាស់ ក្នុង​ពេល​ព្រះ‌អង្គ​កាច់​នំបុ័ង​ឲ្យ។ កាល​ពួក​គេ​កំពុង​និយាយ​ពី​ការ​នេះ ព្រះ‌យេស៊ូវ​ក៏​ឈរ​នៅ​កណ្តាល​ពួក​គេ មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត!»។ ប៉ុន្ដែ គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្តី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ? ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន។ ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ»។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ព្រះ‌បាទ​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ។ កាល​ពួក​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​អំណរ និង​សេចក្តី​អស្ចារ្យ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិ‌ភោគ​ឬ​ទេ?» គេ​ក៏​យក​ត្រី​អាំង​មួយ​ដុំ និង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ទទួល​យកមក​សោយ​នៅ​មុខ​ពួកគេ។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។ ពេលនោះ ព្រះ‌អង្គ​ក៏​បើក​បំភ្លឺ​សតិ​ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​សេចក្តី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​ការ​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ ហើយ​មើល៍! ខ្ញុំ​នឹង​ឲ្យ​សេចក្តី​សន្យា​របស់​ព្រះ‌វរបិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម រហូត​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន លូកា 24

លូកា 24:35-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សិស្ស​ទាំង​ពីរ​នាក់​រៀប​រាប់​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​ព្រះអង្គ​នៅ​ពេល​ព្រះអង្គ​កាច់​នំប៉័ង។ នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់​កំពុង​តែ​និយាយ​រៀប​រាប់ ព្រះ‌អម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត»។ គេ​ភ័យ​តក់‌ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ត​ដូច្នេះ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ? ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន! ចូរ​ស្ទាប​មើល៍ ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះ‌ហស្ដ និង​ព្រះ‌បាទា​ឲ្យ​គេ​ឃើញ។ សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​ទទួល​យក ហើយ​សោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ក្នុង​គម្ពីរ‌វិន័យ*​របស់​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី* និង​ក្នុង​គម្ពីរ​ទំនុកតម្កើង * ត្រូវ​តែ​កើត​មាន»។ ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​យល់​អត្ថ‌ន័យ​គម្ពីរ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន គឺ​ព្រះ‌គ្រិស្ត*​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ក្នុង​ព្រះ‌នាម​ព្រះអង្គ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។ អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។ ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឫទ្ធា‌នុភាព»។

ចែក​រំលែក
អាន លូកា 24

លូកា 24:35-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ ហើយ​ដែល​គេ​បាន​ស្គាល់​ទ្រង់​ជាក់ ដោយ​ទ្រង់​កាច់​នំបុ័ង​ឲ្យ។ កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ចុះ តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ ចូរ​មើល​មក​ដៃ​នឹង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ លុះ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ព្រះ‌បាទ​ទ្រង់​ដល់​គេ កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​បន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ក៏​យក​ត្រី​អាំង​១​ដុំ នឹង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់ រួច​ទ្រង់​យក​ទៅ​សោយ​នៅ​មុខ​គេ ក៏​មាន​បន្ទូល​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សំរេច​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ‌ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះវរ‌បិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន លូកា 24

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ