លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដូចអស់លោកចោទប្រកាន់សោះ។ សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាស្ដេចបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់]។ គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។
អាន លូកា 23
ស្ដាប់នូវ លូកា 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 23:13-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ