លូកា 23:13-25

លូកា 23:13-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជា‌ចារ្យ* ពួក​មន្ត្រី និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា។ លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា​គាត់​បំបះ‌បំបោរ​ប្រជា‌រាស្ត្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក តែ​មិន​ឃើញ​មាន​ទោស​អ្វី​ដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។ សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ស្ដេច​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។ គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ា‌បាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។ ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។ លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ លោក​ដោះ​លែង​បារ៉ា‌បាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង​មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ប្រគល់​ឲ្យ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។

ចែក​រំលែក
អាន លូកា 23

លូកា 23:13-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន និង​ប្រជា‌ជន​ទាំង​អស់​មក​ជួប​ជុំ​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​នេះ​មក​ជួប​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ដែល​នាំ​ឲ្យ​ប្រជា‌ជន​វង្វេង តែ​ឥឡូវ​នេះ ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី ដូច​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ។ សូម្បី​តែ​ព្រះ​បាទ​ហេរ៉ូឌ​ក៏​រក​មិន​ឃើញ​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជួប​ទ្រង់ ហើយ​មិន​ឃើញ​ថា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ។ ដូច្នេះ ខ្ញុំ​គ្រាន់​តែ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ] ពួក​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​យក​អ្នក​នេះ​ទៅ ហើយ​លែង​បារ៉ាបាស​ឲ្យ​យើង​វិញ»។ (ឯ​បារ៉ាបាស​នេះ គាត់​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​បង្ករ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​គេ)។ លោក​ពីឡាត់​ចង់​លែង​ព្រះ‌យេស៊ូវ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​វា ឆ្កាង​វា​ទៅ»។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គម្រប់​បី​ដង​ថា៖ «តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ឡើយ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​គាត់​ទៅ»។ ប៉ុន្តែ គេ​ស្រែក​ទទូច​កាន់​តែ​ខ្លាំង ទាំង​សុំ​ឲ្យ​ឆ្កាង​ព្រះ‌អង្គ ហើយ​សម្រែក​របស់​អ្នក​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ។ លោក​ពីឡាត់​ក៏​សម្រេច​តាម​ការ​ទាម​ទារ​របស់​គេ។ លោក​ក៏​ដោះ​លែង​អ្នក​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ និង​ការ​សម្លាប់​មនុស្ស​នោះ ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ឲ្យ តាម​ចិត្ត​ប្រាថ្នារបស់​គេ។

ចែក​រំលែក
អាន លូកា 23

លូកា 23:13-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន នឹង​បណ្តា​មនុស្ស​ទាំង​អស់​មក នោះ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​នេះ​មក​ឯ​ខ្ញុំ ទុក​ជា​មនុស្ស​ដែល​នាំ​បណ្តាជន​ឲ្យ​វង្វេង តែ​មើល ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី តាម​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ ទាំង​ស្តេច​ហេរ៉ូឌ​ក៏​រក​គ្មាន​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ទ្រង់ ហើយ​មើល ទ្រង់​មិន​ថា​ជា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​គ្រាន់​តែ​វាយ​ប្រដៅ រួច​លែង​ឲ្យ​ទៅ​ចុះ ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​តែ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ តែ​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា សូម​យក​មនុស្ស​នេះ​ទៅ ហើយ​លែង​បារ៉ា‌បាស​ឲ្យ​យើង​វិញ ឯ​បារ៉ា‌បាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ការ​សំឡាប់​គេ បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ ប៉ុន្តែ​គេ​ស្រែក​ឡើង​ថា ឲ្យ​ឆ្កាង​វាៗ​ទៅ លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គំរប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សំរែក​របស់​ជន​ទាំង​នោះ នឹង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ លោក​ពីឡាត់​កាត់​សំរេច​ទោស​តាម​គេ​សូម រួច​លែង​អ្នក​នោះ​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ នឹង​ការ​សំឡាប់​មនុស្ស ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​តាម​ចិត្ត​គេ​ប្រាថ្នា​វិញ។

ចែក​រំលែក
អាន លូកា 23