លូកា 23
23
ព្រះយេស៊ូនៅមុខលោកពីឡាត
(មថ.២៧.១-២, ១១-១៤ មក.១៥.១-៥ យហ.១៨.២៨-៣៨)
1ក្រុមប្រឹក្សាជាន់ខ្ពស់*ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។ 2គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថា ជាព្រះគ្រិស្ត* គឺជាស្ដេច»។ 3លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ 4លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ* និងបណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ 5ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
6លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ 7កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ 8ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហឫទ័យក្រៃលែង ដ្បិតស្ដេចចង់ជួបព្រះយេស៊ូតាំងពីយូរយារមកហើយ ព្រោះស្ដេចតែងឮគេនិយាយអំពីព្រះអង្គ ហើយសង្ឃឹមថានឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។ 9ស្ដេចទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ 10ពួកមហាបូជាចារ្យ* និងពួកអាចារ្យ*ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាងខ្លាំងបំផុត។ 11ព្រះបាទហេរ៉ូដ និងពួកទាហានចំអកឲ្យព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។ 12កាលពីមុន ព្រះបាទហេរ៉ូដ និងលោកពីឡាត ជាសត្រូវនឹងគ្នា។ ប៉ុន្តែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្តសម្លាញ់នឹងគ្នាវិញ។
លោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(មថ.២៧.១៥-២៦ មក.១៥.៦-១៥ យហ.១៨.៣៩-១៩.១៦)
13លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ 14លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដូចអស់លោកចោទប្រកាន់សោះ។ 15សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាស្ដេចបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។ 16ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [17ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់]។ 18គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ 19ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ 20លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ 21ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ 22លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ 23ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ 24លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ 25លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។
គេឆ្កាងព្រះយេស៊ូ
(មថ.២៧.៣២-៤៤ មក.១៥.២១-៣២ យហ.១៩.១៧-២៧)
26នៅពេលបណ្ដើរព្រះយេស៊ូទៅ គេជួបបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចម្ការ។ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាង ដើរតាមក្រោយព្រះយេស៊ូ។ 27ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ 28ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ 29ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន#២៣.២៩ ពាក្យដើមៈ ស្ត្រីអារ។ ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។ 30#ហស ១០.៨; វវ ៦.១៦នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!”។ 31បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កម្រិតណាទៅ!»។ 32គេបាននាំអ្នកទោស#២៣.៣២ យើងអាចបកប្រែថា «មនុស្សប្រព្រឹត្តអាក្រក់ ឬទុរជន» ក៏បាន។ពីរនាក់ទៀតមកសម្លាប់ជាមួយព្រះយេស៊ូដែរ។
33លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ 34#ទំន ២២.១៨ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ 35#ទំន ២២.៧ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ត*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ 36#ទំន ៦៩.២១ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ 37ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ 38នៅពីលើព្រះអង្គ មានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ 39អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្តមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ 40ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ 41គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ត។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ 42បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។ 43ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះ អ្នកបានទៅនៅស្ថានបរមសុខ*ជាមួយខ្ញុំ»។
ព្រះយេស៊ូចូលទិវង្គត
(មថ.២៧.៤៥-៥៦ មក.១៥.៣៣-៤១ យហ.១៩.២៨-៣០)
44ពេលនោះ ប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យរហូតដល់ម៉ោងបីរសៀល 45#នក ២៦.៣១-៣៣ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ ចំពាក់កណ្ដាល។ 46#ទំន ៣១.៥ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ#២៣.៤៦ ទំនុកតម្កើង ៣៦.១។»។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។ 47នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ 48រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ 49#លក ៨.២-៣អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ត្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
ការបញ្ចុះសពព្រះយេស៊ូ
(មថ.២៧.៥៧-៦១ មក.១៥.៤២-៤៧ យហ.១៩.៣៨-៤២)
50មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់*មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សល្អសុចរិត* ហើយទន្ទឹងរង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់។ 51លោកពុំបានយល់ស្របជាមួយគេលើការសម្រេចចិត្តធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្តនោះដែរ។ 52លោកបានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ 53លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។ 54ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ហើយថ្ងៃសប្ប័ទ*ជិតមកដល់។ 55ពួកស្ត្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផង។
56 #
នក ២០.១០; ទក ៥.១៤ បន្ទាប់មក ស្ត្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាចែងទុក។
ទើបបានជ្រើសរើសហើយ៖
លូកា 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.