ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ* មានក្រុមនាយកបូជាចារ្យ* និងពួកអាចារ្យ* នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី*មែន»។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*ឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។ ម្ចាស់ចម្ការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ? គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះយេស៊ូទតទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច? អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។ ពេលនោះ ពួកអាចារ្យ* និងពួកនាយកបូជាចារ្យ* រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។ ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។ មានអ្នកខាងគណៈសាឌូស៊ី*ខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន ។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវតា*។ គេជាបុត្ររបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប ។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកអាចារ្យ*ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រិស្ត*ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំថា សូមគង់នៅខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទាព្រះអង្គ” ។ បើព្រះបាទដាវីឌហៅព្រះគ្រិស្តថា ព្រះអម្ចាស់ ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។ នៅពេលប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន ពួកនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ អ្នកទាំងនោះតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
អាន លូកា 20
ស្ដាប់នូវ លូកា 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 20:1-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ