លូកា 20:1-47

លូកា 20:1-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​មួយ​ថ្ងៃ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ប្រជា‌ជន ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​ក៏​មក​ដល់ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​អ្នក​ណា​បាន​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​មួយ​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន តើ​ពិធី​ជ្រមុជ​របស់​យ៉ូហាន មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស?» គេ​ក៏​រិះ‌គិត​គ្នា​ថា៖ «បើ​យើង​ថា "មក​ពី​ស្ថាន‌សួគ៌" នោះ​គាត់​នឹង​សួរ​យើង​វិញ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់" តែ​បើ​យើង​ឆ្លើយ​ថា "មក​ពី​មនុស្ស" នោះ​ប្រជា‌ជន​នឹង​យក​ថ្ម​គប់​យើង​មិន​ខាន ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន»។ រួច​គេ​ទូល​ឆ្លើយ​ថា គេ​មិន​ដឹង​ថា​មក​ពី​ណា​ទេ។ ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី​ដែរ»។ ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា‌ជន ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង​បាយ​ជូរ​ក្នុង​ចម្ការ​មួយ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត អស់​រយៈ​ពេល​ជា​យូរ។ លុះ​ដល់​រដូវ​ទុំ​ហើយ គាត់​ក៏​ចាត់​បាវ​បម្រើ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង​បាយ​ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ​បាន​វាយ​អ្នក​បម្រើ ហើយ​បណ្ដេញ​គាត់​ឲ្យ​មក​វិញ​ដៃ​ទទេ។ បន្ទាប់​មក គាត់​បាន​ចាត់​បាវ​បម្រើ​មា្នក់​ទៀត​ឲ្យ​ទៅ តែ​គេ​វាយ​អ្នក​បម្រើ​នោះ​ដែរ ទាំង​ដៀល‌ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ដៃ​ទទេ។ គាត់​ក៏​ចាត់​អ្នក​ទី​បី​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ។ ពេល​នោះ ម្ចាស់​ចម្ការ​គិត​ថា "តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​នឹង​ចាត់​កូន​សម្លាញ់​របស់​យើង​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ គេ​មុខ​ជា​នឹង​កោត​ខ្លាច​ដល់​កូន​នោះ"។ ប៉ុន្តែ ពេល​ពួក​ធ្វើ​ចម្ការ​បាន​ឃើញ គេ​រិះ​គិត​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក ចូរ​យើង​សម្លាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​មត៌ក​ធ្លាក់​មក​លើ​យើង​វិញ"។ គេ​ក៏​បោះ​គាត់​ទៅ​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល ដូច្នេះ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច? គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ ពេល​ពួក​គេ​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។ ព្រះ‌អង្គ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សេចក្តី​ដែល​ចែង​ថា "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក" នោះ​តើ​មាន​ន័យ​ដូច​ម្តេច? អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែកខ្ទេច​ខ្ទី តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ» ។ នៅ​ពេល​នោះ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​រក​មធ្យោ‌បាយ​ចាប់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នោះ​ដាក់​គេ តែ​គេ​ខ្លាច​បណ្តា‌ជន។ ពួក​គេ​ឃ្លាំ​មើល​ព្រះ‌អង្គ ហើយ​ក៏​ចាត់​ពួក​សម្ងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ចាប់​បញ្ជូន​ព្រះ‌អង្គ​ទៅ​សាលា​ក្តី និង​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។ អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ ដូច្នេះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» ដោយ​ព្រះ‌អង្គ​ជ្រាប​ពី​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​បង្ហាញ​កាក់​មួយ​ដេណារី​មក​ឲ្យ​ខ្ញុំ​មើល តើ​រូប និង​ឈ្មោះ​នេះ​ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «សេសារ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​មិន​អាច​ចាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គ​នៅ​មុខ​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឡើយ ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​នឹង​ចម្លើយ​របស់​ព្រះ‌អង្គ រួច​គេ​ក៏​នៅ​ស្ងៀម។ មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​ប្រុស​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​បន្ត​ពូជ​ឲ្យ​បង ។ ដូច្នេះ មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន។ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅទាំង​គ្មាន​កូន​ដែរ អ្នក​ទី​បី​ក៏​យក​នាង​ទៀត ហើយ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ បាន​យក​នាង​គ្រប់​គ្នា តែ​ស្លាប់​ទៅ​ទាំងគ្មាន​កូន​ដូច​គ្នា​ទាំង​អស់។ ទី​បំផុត នាង​នោះ​ស្លាប់​ទៅ​ដែរ។ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ធម្មតា មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្តី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​បាន​រាប់​ជា​ស័ក្តិ‌សម​នឹង​បាន​ទៅ​ឯ​បរ‌លោក ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​យក​ប្តី​ប្រពន្ធ​ទៀត​ទេ។ គេ​មិន​ចេះ​ស្លាប់​ទេ គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​ដែរ ក្នុង​រឿង​ពី​គុម្ព​បន្លា គឺ​ពេល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​របស់​លោក​អ័​ប្រាហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ។ ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់ ដ្បិត​នៅ​ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់»។ ពួក​គេ​ក៏​លែង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​អ្វី​ទៀត​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​គេ​អាច​និយាយ​ថា​ព្រះ‌គ្រីស្ទ​ជា​ព្រះរាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? ព្រោះ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​រាជ​ឱង្ការ​នៅ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ​បាទ​ព្រះ‌អង្គ"។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​អាច​ជា​ព្រះ‌រាជវង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?» ពេល​ប្រជា‌ជន​កំពុង​ស្តាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ពាក់​អាវ​វែង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​ខ្លួន​នៅ​តាម​ទី​ផ្សារ ចង់​អង្គុយ​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់​លៀង។ តែ​គេ​ឆ​បោក​នៅ​ផ្ទះ​ស្រី​មេម៉ាយ ដោយ​ធ្វើ​ពុត​ជា​សូត្រ​ពាក្យ​អធិស្ឋាន​យ៉ាង​វែង។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។

ចែក​រំលែក
អាន លូកា 20

លូកា 20:1-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* មាន​ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ទូល​សួរ​ព្រះអង្គ​ថា៖ «សុំ​លោក​ប្រាប់​ឲ្យ​យើង​ដឹង​ផង លោក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?”។ បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​ឲ្យ​មក” ប្រជា‌ជន​ទាំង​មូល​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​មិន​ខាន ដ្បិត​គេ​ជឿ​ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី*​មែន»។ ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ មិន​ដឹង​ជា​អ្នក​ណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឡើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ប្រជា‌ជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​បម្រើ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​នេះ​ដែរ ហើយ​ជេរ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយ‌ដំ​អ្នក​បម្រើ​នេះ​ឲ្យ​របួស ហើយ​បោះ​ទៅ​ខាង​ក្រៅ​ចម្ការ។ ម្ចាស់​ចម្ការ​គិត​ថា “តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ខ្ញុំ​ពុំ‌ខាន”។ ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ? គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។ ព្រះ‌យេស៊ូ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត” តើ​ពាក្យ​នេះ​មាន​ន័យ​ដូច​ម្ដេច? អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទាំ​មិន​ខាន។ បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។ ពេល​នោះ ពួក​អាចារ្យ* និង​ពួក​នាយក​បូជា‌ចារ្យ* រក​មធ្យោ‌បាយ​ចាប់​ព្រះ‌យេស៊ូ ដ្បិត​គេ​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ ពួក​គេ​ខ្លាច​ប្រជា‌ជន។ ពួក​គេ​នាំ​គ្នា​ឃ្លាំ​មើល​ព្រះ‌យេស៊ូ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម​ដាន​យក​ការណ៍​ពី​ព្រះអង្គ។ អ្នក​ទាំង​នោះ​តាំង​ខ្លួន​ជា​មនុស្ស​ប្រកាន់​ឫក‌ពា​ត្រឹម​ត្រូវ ចាំ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះអង្គ​ទៅ​អាជ្ញា‌ធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​លោក​គ្រូ​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​សេចក្ដី​ពិត​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។ សូម​លោក​ប្រាប់​យើង​ខ្ញុំ​ផង តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​ពួក​គេ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​ឲ្យ​ខ្ញុំ​មើល​មើល៍ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ អ្នក​ទាំង​នេះ​ពុំ​អាច​ចាប់​កំហុស​ព្រះអង្គ នៅ​ពេល​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នៅ​មុខ​ប្រជា‌ជន​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល​ឆ្លើយ​តប​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់ ហើយ​គេ​ក៏​នៅ​ស្ងៀម។ មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី*​ខ្លះ​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ។ ឧបមា​ថា មាន​បងប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀបការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បី ក៏​រៀបការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ បន្ទាប់​មក បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​បាន​រៀបការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅ​តែ​គ្មាន​កូន​ទេ។ នៅ​ទី​បំផុត ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។ អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា*។ គេ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។ លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប ។ ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះអង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ ពួក​អាចារ្យ*​ខ្លះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ល្អ​ណាស់»។ បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះអង្គ​អំពី​រឿង​អ្វី​ទៀត​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស‌ម្នា​ថា ព្រះ‌គ្រិស្ត*​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ដ្បិត​ក្នុង​គម្ពីរ​ទំនុកតម្កើង ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌អម្ចាស់ របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។ នៅ​ពេល​ប្រជា‌ជន​ទាំង​មូល​កំពុង​ស្ដាប់​ព្រះអង្គ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។ អ្នក​ទាំង​នោះ​តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។

ចែក​រំលែក
អាន លូកា 20

លូកា 20:1-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​កាល​១​ថ្ងៃ​នោះ កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បង្រៀន​ដល់​ពួក​ជន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ ក៏​មក​ដល់ គេ​ទូល​ទ្រង់​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​វិញ​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់ តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​បណ្តាជន​នឹង​ចោល​យើង​នឹង​ថ្ម ពី​ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន រួច​គេ​ទូល​ឆ្លើយ​ថា មិន​ដឹង​ជា​មក​ពី​ណា​ទេ ទ្រង់​ក៏​មាន​បន្ទូល​សប​ដល់​គេ​ថា ដូច្នេះ ខ្ញុំ​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ដែល​ខ្ញុំ​អាង​អំណាច​អ្វី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។ ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​បណ្តាជន ជា​ពាក្យ​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់​បាន​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ក៏​ចេញ​ពី​ស្រុក​នោះ​ទៅ​ជា​យូរ លុះ​ដល់​រដូវ​ហើយ គាត់​ក៏​ចាត់​បាវ​ទៅ​ឯ​ពួក​ធ្វើ​ចំការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង‌បាយ‌ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ គេ​វាយ​បណ្តេញ​បាវ​នោះ​ឲ្យ​មក​វិញ​ទទេ គាត់​ចាត់​បាវ​១​ទៅ​ទៀត តែ​គេ​វាយ​បាវ​នោះ​ដែរ ទាំង​ដៀល​ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ទទេ គាត់​ក៏​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ​ទៅ នោះ​ថៅកែ​ចំការ​គិត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច អញ​នឹង​ចាត់​កូន​សំឡាញ់​របស់​អញ​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ នោះ​គេ​នឹង​កោត‌ខ្លាច​ដល់​វា តែ​កាល​ពួក​ធ្វើ​ចំការ​បាន​ឃើញ នោះ​គេ​រិះ‌គិត​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​បាន​មរដក​មក​យើង​វិញ គេ​ក៏​បោះ​ទៅ​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចំការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ តែ​ទ្រង់​ទត​ទៅ​គេ មាន​បន្ទូល​ថា ឯ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ថ្ម​ដែល​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» តើ​មាន​ន័យ​ដូច​ម្តេច អស់​អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ នៅ​វេលា​នោះ​ឯង ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​ក៏​រក​ចាប់​ទ្រង់ ដ្បិត​គេ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ តែ​គេ​នឹក​ខ្លាច​បណ្តាជន។ គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សំងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម‌ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កំឡាំង នឹង​អំណាច​នៃ​ចៅហ្វាយ​ខេត្ត អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម‌ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្ដី​ពិត ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ តែ​ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល តើ​មាន​រូប នឹង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ ខណ​នោះ គេ​ចាប់​ព្រះ‌បន្ទូល​ទ្រង់​នៅ​មុខ​ជន​ទាំង‌ឡាយ​មិន​បាន ហើយ​ក៏​ស្ងៀម​នៅ ដោយ​អស្ចារ្យ​ពី​ចំឡើយ​របស់​ទ្រង់។ នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះ‌យេស៊ូវ​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់ ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់ នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។ ទ្រង់​ក៏​មាន​បន្ទូល​សួរ​គេ​ថា ដូច​ម្តេច​បាន​ជា​គេ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រោះ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​បាន​មាន​បន្ទូល​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន។ កាល​បណ្តាជន​កំពុង​តែ​ស្តាប់​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រុង​ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ នឹង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ‌សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

ចែក​រំលែក
អាន លូកា 20