លូកា 2:25-40

លូកា 2:25-40 គខប

នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះអង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់ ហើយ​សម្តែង​ឲ្យ​គាត់​ដឹង​ថា​គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រិស្ត* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* លោក​ស៊ីម្មាន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រេច​តាម ព្រះ‌បន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ ប្រជា‌ជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ»។ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារី​ជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន​លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត របស់​នាង»។ មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អេ‌ស៊ើរ។ គាត់​រៀបការ​បាន​ប្រាំ‌ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ គាត់​នៅ​មេ‌ម៉ាយ​រហូត ឥឡូវ​នេះ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌វិហារ*​ទេ គាត់​នៅ​គោរព​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិស្ឋាន*​ផង។ ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ​ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។ កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។ ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:25-40