លូកា 2:25-40

លូកា 2:25-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះអង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់ ហើយ​សម្តែង​ឲ្យ​គាត់​ដឹង​ថា​គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រិស្ត* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* លោក​ស៊ីម្មាន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រេច​តាម ព្រះ‌បន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ ប្រជា‌ជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ»។ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារី​ជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន​លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត របស់​នាង»។ មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អេ‌ស៊ើរ។ គាត់​រៀបការ​បាន​ប្រាំ‌ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ គាត់​នៅ​មេ‌ម៉ាយ​រហូត ឥឡូវ​នេះ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌វិហារ*​ទេ គាត់​នៅ​គោរព​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិស្ឋាន*​ផង។ ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ​ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។ កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។ ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។

ចែក​រំលែក
អាន លូកា 2

លូកា 2:25-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​យេរូ‌សាឡិម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​មនុស្ស​សុចរិត ហើយ​គោរព​កោត​ខ្លាច​ព្រះ គាត់​កំពុង​រង់‌ចាំ​វេលា​សម្រាល​ទុក្ខ​របស់​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ រហូត​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អម្ចាស់។ ព្រះ‌វិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​ពេល​មាតា‌បិតា​នាំ​ព្រះ​ឱរស​ព្រះ‌យេស៊ូវ​ចូល​មក ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​តាម​ទម្លាប់​ក្រឹត្យ‌វិន័យ នោះ​គាត់​ក៏​ទទួល​ព្រះ​ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​មនុស្ស​ទាំង​អស់ ជា​ពន្លឺ​សម្រាប់​បើក​សម្តែង​ឲ្យ​សាសន៍​ដទៃ​ឃើញ ហើយ​ជា​សិរី​ល្អ​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។ រីឯ​យ៉ូសែប និង​ម៉ារា មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គេ​និយាយ​អំពី​ព្រះ‌អង្គ។ ស៊ីម្មាន​ជូន​ពរ​ពួក​គេ ហើយ​និយាយ​ទៅ​កាន់​ម៉ារា ជា​មាតា​ព្រះ‌អង្គ​ថា៖ «មើល៍! បុត្រ​នេះ​បាន​តាំង​ឡើង សម្រាប់​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ និង​សម្រាប់​ជា​ទី​សម្គាល់​ដែល​គេ​នឹង​និយាយ​ប្រឆាំង ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្តែង​ចេញ​មក»។ មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​ផាញូអែល ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ។ គាត់​ចាស់​ណាស់​ហើយ គាត់​រស់​នៅ​ជា​មួយ​ប្តី​បាន​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​ពេល​រៀប​ការ គាត់​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ទៅ​ណា​ឡើយ គាត់​ថ្វាយ‌បង្គំ​ព្រះ ដោយ​តម និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ។ គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ហើយ​ចាប់​ផ្តើម​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​ទន្ទឹង​រង់‌ចាំ​ការ​ប្រោស​លោះ​ដល់​ក្រុង​យេរូ‌សាឡិម។ កាល​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ហើយ ពួក​គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះ‌ឱរស​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​កម្លាំង​ខ្លាំង ប្រកប​ដោយ​ប្រាជ្ញា​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ព្រះ‌អង្គ។

ចែក​រំលែក
អាន លូកា 2

លូកា 2:25-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មើល នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោត‌ខ្លាច​ដល់​ព្រះ គាត់​រង់‌ចាំ​សេចក្ដី​ដោះ​ទុក្ខ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អម្ចាស់ គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ​ដោយ​នូវ​ព្រះ‌វិញ្ញាណ រួច​កាល​មាតា‌បិតា​នាំ​យក​ព្រះ‌យេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទំលាប់​ក្រិត្យ‌វិន័យ​ដល់​ទ្រង់ នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​បណ្តាជន​ទាំង‌ឡាយ ជា​ពន្លឺ​សំរាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរី‌ល្អ របស់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ឯ​យ៉ូសែប នឹង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់ ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង​សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សំដែង​ចេញ​មក។ ហើយ​មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​ផាញូ‌អែល ក្នុង​ពូជ​អំបូរ​អេស៊ើរ គាត់​មាន​ប្ដី​៧​ឆ្នាំ តាំង​តែ​ពី​ក្រមុំ​មក ឥឡូវ​នេះ​គាត់​ចាស់​ណាស់​ហើយ នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់‌ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​បាន​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ តាម​ក្រិត្យ‌វិន័យ​ព្រះ‌អម្ចាស់​ហើយ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ឯ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត‌តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។

ចែក​រំលែក
អាន លូកា 2