លូកា 18:1-14

លូកា 18:1-14 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា ពន្យល់​សិស្ស*​ឲ្យ​ដឹង​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់​ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។ ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្ដី​ឲ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ គាត់​មុខ​ជា​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។ ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ ព្រះអង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​គេ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស*​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែនដី​នេះ​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អ្នក​ខ្លះ ដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន*​ក្នុង​ព្រះ‌វិហារ*។ ម្នាក់​ខាង​គណៈ‌ផារីស៊ី* ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ*។ បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូលបង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ ទូលបង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ទូលបង្គំ​ថ្វាយ​របស់​អ្វីៗ​ទាំង​អស់​ដែល​ទូលបង្គំ​រក​បាន​មួយ​ភាគ​ដប់​ដល់​ព្រះអង្គ”។ រីឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង ទូល​ថា “ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ជា​មនុស្ស​បាប​ផង”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ទារ​ពន្ធ​នេះ​ឲ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។