លូកា 18:1-14
លូកា 18:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនកោតញញើតចំពោះមនុស្សណាឡើយ។ នៅក្នុងក្រុងនោះ មានស្ត្រីមេម៉ាយម្នាក់ចេះតែមកនិយាយទទូចនឹងលោកនោះថា "សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង"។ លោកចេះតែបដិសេធអស់ពេលជាយូរ តែក្រោយមកលោកគិតក្នុងចិត្តថា "ទោះបើខ្ញុំមិនខ្លាចដល់ព្រះ ឬកោតញញើតចំពោះមនុស្សណាក៏ដោយ តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរពិចារណាសេចក្តីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ។ តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?» ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀត ទៅកាន់អ្នកខ្លះដែលទុកចិត្តខ្លួនគេថាសុចរិត ហើយបែរជាមើលងាយអ្នកដទៃថា «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា "ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ។ ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន"។ ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា "ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
លូកា 18:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សិស្ស*ឲ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង”។ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្ដីឲ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្ដីឲ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ គាត់មុខជាមករំខានអញមិនចេះចប់មិនចេះហើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឲ្យអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្ស*មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះ ដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដប់ដល់ព្រះអង្គ”។ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
លូកា 18:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះអម្ចាស់ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ ទ្រង់មានបន្ទូលថា នៅក្នុងក្រុង១មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រឹមញញើតចំពោះមនុស្សណាផង ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត នោះទ្រង់មានបន្ទូលថា ចូរពិចារណាសេចក្ដី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្តេច។ ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។