លូកា 17
17
កុំនាំគេប្រព្រឹត្តអំពើបាប
(ម៉ាថាយ ១៨.៦-៧, ២១-២២ ម៉ាកុស ៩.៤២)
1ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឲ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។ 2ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក ទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ 3#មថ ១៨.១៥ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឲ្យគាត់ទៅ។ 4ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឲ្យគាត់ទៅ»។
អំពីជំនឿ
5ពួកសាវ័ក*ទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ 6ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររម្លើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
ភារកិច្ចរបស់អ្នកបម្រើ
7«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។ 8ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។ 9ម្ចាស់មិនដែលអរគុណអ្នកបម្រើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ 10រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យជា
11កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។ 12ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ 13ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ 14#លវ ១៤.១-៣២ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យពួកបូជាចារ្យ*ឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធ*ទាំងអស់គ្នា។ 15ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ 16គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ 17ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? 18មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ 19ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
ទីសម្គាល់អំពីព្រះរាជ្យព្រះជាម្ចាស់
(ម៉ាថាយ ២៤.២៣-២៨, ៣៧-៤១)
20ពួកខាងគណៈផារីស៊ី*ទូលសួរព្រះយេស៊ូថា៖ «ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកឡើយ។ 21គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” ទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ 22បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស*យាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ 23ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។ 24បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ 25ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។ 26#លប ៦.៥-៨នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ*ដែរ។ 27#លប ៧.៦-២៤កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់#១៧.២៧ លោកុប្បត្តិ ៦.៧។។ 28#លប ១៨.២០–១៩.២៥នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត*#១៧.២៨ លោកុប្បត្តិ១៩។ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ 29ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ 30នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ 31#មថ ២៤.១៧-១៨; មក ១៣.១៥-១៦នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។ 32#លប ១៩.២៦ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ 33#មថ ១០.៣៩, ១៦.២៥; មក ៨.៣៥; លក ៩.២៤; យហ ១២.២៥អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។ 34ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ 35បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ [36បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ]»។
37ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
ទើបបានជ្រើសរើសហើយ៖
លូកា 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.