លូកា 11:1-28

លូកា 11:1-28 គខប

មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា: ឱ​ព្រះ‌បិតា​អើយ សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់‌ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដ្បិត​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ​អស់​អ្នក ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ចាញ់ ការ​ល្បួង​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! ឲ្យ​គ្នា​ខ្ចី​នំប៉័ង​បី​ដុំ​សិន​មក ព្រោះ​មាន​មិត្ត‌ភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។ អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំប៉័ង​ឲ្យ​សម្លាញ់​ឯង​ទេ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំប៉័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​អស់​អ្នក ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។ ព្រះ‌យេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​អារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហា‌ជន​ក៏​ស្ងើច​សរសើរ​ក្រៃ‌លែង។ ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ព្រោះ​បេលសេ‌ប៊ូល​ជា​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។ មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ ក៏​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។ យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល។ ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស​ដោយ​អំណាច​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។ ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង​មក​វាយ​យក​ជ័យ‌ជម្នះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។ អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 11:1-28