លូកា 1:57-80

លូកា 1:57-80 គខប

លុះ​នាង​អេលី‌សាបិត​គ្រប់​ខែ​ហើយ គាត់​សម្រាល​បាន​កូន​ប្រុស​មួយ។ អ្នក​ជិត​ខាង និង​ញាតិ‌សន្ដាន​នាំ​គ្នា​អបអរ‌សាទរ​ជា​មួយ​គាត់ ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​គាត់​យ៉ាង​ច្រើន​អនេក។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាការី”​ដូច​ឪពុក​ដែរ តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ូហាន”​វិញ»។ ពួក​គេ​តប​ថា៖ «ក្នុង​ញាតិ‌សន្ដាន​របស់​អ្នក គ្មាន​នរណា​មាន​ឈ្មោះ​ហ្នឹង​ទេ»។ គេ​ធ្វើ​សញ្ញា​សួរ​ទៅ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ លោក​សាការី​សុំ​ឲ្យ​គេ​យក​ក្ដារ‌ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។ រំពេច​នោះ ស្រាប់​តែ​លោក​និយាយ​បាន​ដូច​ដើម​វិញ រួច​លោក​បន្លឺ​សំឡេង​សរសើរ​ព្រះ‌ជាម្ចាស់។ អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង ​គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិ‌ការណ៍​នេះ​ឮ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។ អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌បារមី របស់​ព្រះ‌អម្ចាស់​តាម​ជួយ​ថែ‌រក្សា​កូន​នេះ។ ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​យាង​មក រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌សង្គ្រោះ ដ៏​មាន​ឫទ្ធិ​មួយ​ព្រះអង្គ​ពី​ក្នុង​ចំណោម ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះអង្គ​មក​ឲ្យ​យើង។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម​រយៈ ព្យាការី*​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម គឺ​ព្រះអង្គ​សង្គ្រោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​បុព្វបុរស*​របស់​យើង ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី* ដ៏វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ គឺ​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់ លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា ព្រះអង្គ​នឹង​រំដោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះអង្គ​បាន ដោយ​ឥត​ភ័យ​ខ្លាច ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ​បាន​បរិសុទ្ធ* និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។ ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី* របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។ កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដឹង ថា​ព្រះអង្គ​សង្គ្រោះ​គេ ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។ ព្រះ​របស់​យើង​មាន​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដ៏​លើស‌លុប ព្រះអង្គ​ប្រទាន​ថ្ងៃ​រះ ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។ កុមារ​យ៉ូហាន​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ឃើញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:57-80