ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំប៉័ងឥតមេ រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលឲ្យមកជួបជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់»។ លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ»។ លោកនាំលោកអើរ៉ុន និងកូនៗមក ហើយយកទឹកធ្វើពិធីជម្រះកាយឲ្យពួកគេ។ លោកពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ ហើយពាក់អាវអេផូដ*ពីលើ ព្រមទាំងចងខ្សែអេផូដផង។ លោកយកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនលោកអើរ៉ុន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម*។ លោកពាក់ឈ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឈ្នួតនោះជូនលោកអើរ៉ុន ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។ លោកប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈ គ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។ លោកចាក់ប្រេងលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកឲ្យវិសុទ្ធ*។ លោកម៉ូសេបាននាំកូនៗរបស់លោកអើរ៉ុនចូលមក ហើយលោកបំពាក់អាវវែងឲ្យពួកគេ រួចក្រវាត់ខ្សែក្រវាត់ និងពាក់ឈ្នួតក្បាលឲ្យពួកគេ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
អាន លេវីវិន័យ 8
ស្ដាប់នូវ លេវីវិន័យ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 8:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ