ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។ ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល ព្រះអម្ចាស់នឹងទទួលតង្វាយនោះ ហើយរំដោះគាត់ឲ្យរួចពីបាប។ គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈ រួចបង្គរអុសពីលើ ព្រមទាំងដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។ គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប្រសិនបើតង្វាយនោះជាចៀម ឬពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។ គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ គេកាប់សាច់ជាដុំៗ ហើយបូជាចារ្យដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។ គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប្រសិនបើតង្វាយនោះជាសត្វស្លាប ដែលត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ គេត្រូវយកលលក ឬព្រាបជំទើរមកថ្វាយ។ បូជាចារ្យយកសត្វនោះទៅថ្វាយនៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មក គាត់ត្រូវសម្រក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។ គាត់ត្រូវយកគែវាចេញ ព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។ គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្ដាច់វាចេញជាពីរចំណែកទេ រួចហើយបូជាចារ្យត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
អាន លេវីវិន័យ 1
ស្ដាប់នូវ លេវីវិន័យ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 1:3-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ