បរិទេវ 1

1
សំណោក​អំពី​ក្រុង​យេរូ‌សាឡឹម
1ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន
ប្រជា‌ជន​ច្រើន​កុះ‌ករ
បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ!
ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រិយ៍​លើ​អាណា‌ខេត្ត​នានា
ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!
2នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត
ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។
ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន
គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ឡើយ
មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង
ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។
3កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ
ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី
នាង​តែល‌តោល​នៅ​ក្នុង​ចំណោម
ប្រជា‌ជាតិ​ទាំង‌ឡាយ
រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។
ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាង
ធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។
4ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ
ដ្បិត​គ្មាន​នរណា​ឡើង​ទៅ
ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។
ទ្វារ​ក្រុង​បាក់​បែក​អស់
បូជា‌ចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ
ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំ
ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។
5បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង
ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត
ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា
ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង
កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក
ទៅ​ជា​ឈ្លើយ។
6ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន
ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស
ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។
ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង
នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។
7នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោល
យេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរ
ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។
ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់
ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ
បច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក
ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។
8យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន
ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ
ជា​មិន​បរិសុទ្ធ*
អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន
បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង
ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ
នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។
9ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង
សំពត់​របស់​នាង
នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍
ដែល​នឹង​កើត​មាន​ចំពោះ​នាង
នាង​ផុង​ខ្លួន​ជ្រៅ​ពេក
គ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។
«ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនា
របស់​ខ្ញុំ​ម្ចាស់​ផង
សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»
10សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង
នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង
ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់
គឺ​ប្រជា‌ជាតិ​ដែល​ព្រះអង្គ​បាន​ហាម​មិន​ឲ្យ
ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​ឡើយ។
11ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរ
គេ​ចង់​បាន​អាហារ​បរិភោគ
គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ
ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។
ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផង
ខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!
12អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ
សូម​មើល​មក​ចុះ!
តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ!
នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ដ៏​ខ្លាំង
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!
13ព្រះអង្គ​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ
ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ
ព្រះអង្គ​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ
ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយ
ព្រះអង្គ​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោ
ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។
14ព្រះអង្គ​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
យក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ។
ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ
ហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។
15ព្រះ‌អម្ចាស់​បាន​កម្ចាត់​ទាហាន​ដ៏​ចំណាន
ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ
ព្រះអង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារ
ពួក​យុវជន​របស់​ខ្ញុំ
ព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដា
ដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។
16ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្ត
ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ
គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ
គ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន
ឡើង​វិញ​ឡើយ។
កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស
ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។
17ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយ
តែ​គ្មាន​នរណា​មក​សម្រាល​ទុក្ខ​នាង​ទេ
ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញ
មក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ
នៅ​ក្នុង​ចំណោម​ពួក​គេ។
18 ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន
ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ។
ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ
សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។
យុវជន និង​យុវ‌នារី​របស់​ខ្ញុំ
ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។
19ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ
តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។
ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំ
ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ
ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។
20 ព្រះ‌អម្ចាស់​អើយ
សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់
ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា
ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង
ដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង
នឹង​ព្រះអង្គ​មែន!
នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់
នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។
21គេ​បាន​ឮ​ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ
ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ
សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា
ខ្ញុំ​ម្ចាស់​រង​ទុក្ខ​វេទនា
គេ​នាំ​គ្នា​សប្បាយ​ចិត្ត
ដោយ​ឃើញ​ព្រះអង្គ​ធ្វើ​ទោស​ខ្ញុំ​ម្ចាស់
ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះអង្គ​កំណត់​ទុក
បាន​មក​ដល់។
សូម​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ម្ចាស់​ដែរ!
22សូម​ទត​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន
ដែល​ពួក​គេ​ប្រព្រឹត្ត។
សូម​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន
ដាក់​ទោស​ខ្ញុំ​ម្ចាស់ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មាន
ដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្ត
ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ​យ៉ាង​សែន​វេទនា
ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។

ទើបបានជ្រើសរើសហើយ៖

បរិទេវ 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល