យ៉ូស្វេ 4

4
ស្តូប​ថ្ម​ទាំង​ដប់‌ពីរ
1ពេល​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ 2«ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ពី​ចំណោម​ប្រជា‌ជន គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ 3ហើយ​ត្រូវ​បង្គាប់​ពួក​គេ​ថា “ចូរ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។
4លោក​យ៉ូស្វេ​ហៅ​បុរស​ដប់‌ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ 5លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​ឲ្យ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល 6ទុក​ជា​សញ្ញា​សម្គាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច?” 7អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ គឺ​នៅ​ពេល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះអង្គ​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំឭក​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ”»។
8ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។ 9លោក​យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់‌ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់‌ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។
10ក្រុម​បូជា‌ចារ្យ​សែង​ហិប​នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។ 11កាល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​ព្រះ‌អម្ចាស់​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។ 12កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់ 13មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។
14នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ពង្រឹង​អំណាច​លោក​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​លោក ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ។
15 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ 16«ចូរ​បង្គាប់​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។ 17លោក​យ៉ូស្វេ​ក៏​បង្គាប់​ទៅ​ក្រុម​បូជា‌ចារ្យ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រដាន់​មក!»។ 18ពេល​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។ 19ប្រជា‌ជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីល‌កាល់ នៅ​ព្រំ‌ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។ 20រីឯ​ថ្ម​ទាំង​ដប់‌ពីរ​ដុំ ដែល​គេ​យក​ពី​ទន្លេ​យ័រដាន់​មក លោក​យ៉ូស្វេ​បាន​បញ្ឈរ​នៅ​គីល‌កាល់។ 21បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?”។ 22អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ អំពី​គ្រា​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​បាត​ទន្លេ​យ័រដាន់​នេះ 23ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ឆ្លង​ផុត ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​សមុទ្រ​កក់ រីង​ស្ងួត​នៅ​ចំពោះ​មុខ​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ដែរ។ 24ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល