យ៉ូស្វេ 22:10-32

យ៉ូស្វេ 22:10-32 គខប

កាល​ពួក​គេ​មក​ដល់​ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹម‌ស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រា‌អែល»។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ ព្រម​ទាំង​អ្នក​ដឹក​នាំ​ដប់​នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់ៗ​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖ «សហគមន៍​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ដូច្នេះ? នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​ឲ្យ​យើង​ដែល​ជា​សហគមន៍​របស់​ព្រះ‌អម្ចាស់​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ? ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ព្រះ‌អម្ចាស់​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះអង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ​ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ កាល​លោក​អេកាន​ជា​កូន​របស់​លោក​សេ‌រ៉ាស ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​កំហុស​របស់​គាត់ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មែន! ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះ‌បោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​ព្រះអង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។ ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ! តាម​ពិត មិន​មែន​ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បងប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់‌ទំនង​អ្វី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល? ពួក​រូបេន និង​ពួក​កាដ​អើយ! ព្រះ‌អម្ចាស់​បាន​យក​ទន្លេ​យ័រដាន់​ធ្វើ​ជា​ព្រំ‌ប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់​ទេ!”។ កូន​ចៅ​របស់​បងប្អូន​មុខ​ជា​បណ្ដាល​ឲ្យ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទៀត​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បងប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។ យើង​ខ្ញុំ​បាន​គិត​ជា​មួយ​គ្នា​ទៀត​ថា ទៅ​អនាគត បើ​សិន​ជា​គេ​ពោល​ពាក្យ​សម្ដី​នេះ​ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ព្រះ‌អម្ចាស់​បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន”។ យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នៅ​ថ្ងៃ​នេះ ដោយ​សង់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញ‌បូជា​អ្វី​ផ្សេង ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នោះ​ឡើយ!»។ ពេល​លោក​បូជា‌ចារ្យ​ភីនេ‌ហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សម្ដី​ដែល​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ រៀប​រាប់ ពួក​គេ​ក៏​ពេញ​ចិត្ត។ លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​បងប្អូន​ពុំ​បាន​ក្បត់​ព្រះ‌អម្ចាស់ គឺ​បងប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់​ឡើយ»។ បន្ទាប់​មក លោក​ភីនេ‌ហាស ដែល​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​ចាក​ចេញ​ពី​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួប‌ជុំ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ ដោយ​នាំ​យក​របាយ‌ការណ៍​មក​ជា​មួយ​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 22:10-32

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ