យ៉ូស្វេ 22:10-32

យ៉ូស្វេ 22:10-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​បាន​ទៅ​ដល់​តំបន់​មួយ​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​សង់​អាស‌នា​មួយ​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាស‌នា​មួយ​យ៉ាង​ធំសម្បើម។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «មើល៍ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​សង់​អាស‌នា​មួយ​នៅ​ចុង​ស្រុក​កាណាន ក្នុង​តំបន់​មួយ​ជិត​ទន្លេ​យ័រដាន់ នៅ​ត្រើយ​ខាង​ពួក​អ៊ីស្រា‌អែល»។ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឮ​ដូច្នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ស៊ីឡូរ ដើម្បី​ឡើង​ទៅ​ច្បាំង​ទាស់​នឹង​ពួកគេ។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​ដប់​នាក់​ទៅ​ជា​មួយ គឺ​ម្នាក់ៗ​មក​ពី​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​សាសន៍​អ៊ីស្រា‌អែល អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​វង្សា‌នុវង្ស​ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល។ ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖ «ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា "តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​សង់​អាស‌នា​សម្រាប់​ខ្លួន ដើម្បី​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ? ឯ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ពេអរ មិន​ទាន់​ទាំង​បាន​សម្អាត​ខ្លួន​យើង​ឲ្យ​បាន​បរិសុទ្ធ​ផង ហើយ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​កាច​កើត​ឡើង​ដល់​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ក៏ដូច្នោះ​ដែរ តើ​ត្រូវ​ការ​ចង់​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀតឬ? ប្រសិន‌បើ​អ្នក​រាល់​គ្នា​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ នោះ​ថ្ងៃ​ស្អែក ព្រះ​អង្គ​នឹង​ក្រោធ​ជាមួយ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។ ប៉ុន្ដែ បើ​ស្រុក​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត​បរិសុទ្ធ ចូរ​ឆ្លង​ទៅ​ស្រុក​របស់​ព្រះ‌យេហូវ៉ា ជា​ស្រុក​ដែល​មាន​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ហើយ​យក​ស្រុក​មួយ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា ក្នុង​ចំណោម​ពួក​យើងចុះ សូម​កុំ​ឲ្យ​តែ​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ឬ​បះ‌បោរ​ទាស់​នឹង​ពួក​យើង ដោយ​សង់​អាស‌នា​មួយ​សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាស‌នា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ។ ឯ​អេកាន ជា​កូន​របស់​សេរ៉ាស តើ​មិន​បាន​បង្ខូច​ជំនឿ​ដោយ​សារ​របស់​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះធ្លាក់​មក​លើ​ក្រុម​ជំនុំនៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ទេ​ឬ? ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គាត់ គាត់​មិន​មែន​វិនាស​តែ​ម្នាក់​ឯង​ទេ!"»។ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ឆ្លើយ​ទៅ​ពួក​មេ​លើ​វង្ស​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​លើ​អស់​ទាំង​ព្រះ! គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​លើ​អស់​ទាំង​ព្រះ! ព្រះ‌អង្គ​ជ្រាប ហើយ​សូម​ឲ្យ​អ៊ីស្រា‌អែល​ដឹង​ដែរ! ប្រសិន‌បើការ​សង់​អាស‌នា​នេះ​ជា​ការ​បះ‌បោរ ឬ​បង្ខូច​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា សូម​កុំ​ប្រណី​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ! ប្រសិន‌បើ​យើង​ខ្ញុំ​សង់​អាសនា​ណា​មួយ ដើម្បី​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ឬ​តង្វាយ​មេត្រី​នៅ​អាសនា​នោះ​មែន សូម​ព្រះ‌យេហូវ៉ា​ដាក់​ទោស​យើង​ខ្ញុំ​ចុះ! តាម​ពិត យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​នឹក​ខ្លាច​ក្រែង​ថ្ងៃ​ខាង​មុខ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា "តើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល? ដ្បិត​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ទន្លេ​យ័រដាន់ ធ្វើ​ជា​ព្រំ​ប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​ហើយ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ!" យ៉ាង​នោះ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អាច​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា "ឥឡូវ​នេះ យើង​ត្រូវ​តែ​សង់​អាស‌នា​មួយ មិន​មែន​សម្រាប់​ថ្វាយ​តង្វាយដុត ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់មួយ​រវាង​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​រវាង​កូន​ចៅ​របស់​យើង​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា និង​តង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា អាច​ពោល​មក​កាន់​កូន​ចៅ​របស់​យើង​ខ្ញុំ​នៅ​ថ្ងៃ​ខាង​មុខ​ថា "អ្នក​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា" បាន​ឡើយ"។ យើង​ខ្ញុំ​បាន​គិត​ថា ប្រសិន‌បើ​គេ​និយាយ​ពាក្យ​នេះ​មកកាន់​យើង​ខ្ញុំ ឬ​មក​កាន់​កូន​ចៅរបស់​យើង​ខ្ញុំ​នៅ​ពេល​ខាង​មុខ យើង​ខ្ញុំ​អាច​នឹង​ឆ្លើយ​បាន​ថា "មើល៍ នេះ​ជា​គំរូ​អាស‌នា​របស់​ព្រះ‌យេហូវ៉ា ដែល​បុព្វ‌បុរស​យើង​ខ្ញុំ​បាន​សង់ មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត ឬ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ទេ គឺ​ជា​ទី​បន្ទាល់​រវាង​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ"។ សូម​ឲ្យ​គំនិត​បែប​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​ដើរ​តាម​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាស‌នា សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាស‌នា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោ‌សថ​របស់​ព្រះ‌អង្គ​នោះ​ឡើយ»។ កាល​សង្ឃ​ភីនេ‌ហាស និង​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ គឺ​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​ពួក​កូន​ចៅ​ម៉ាណា‌សេ​រៀប​រាប់​ប្រាប់ នោះ​គេ​ពេញ​ចិត្ត​ណាស់។ ភីនេ‌ហាស​ជា​កូន​របស់​សង្ឃ​អេលា‌សារ មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​ពួក​កូន​ចៅ​ម៉ាណា‌សេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​យើង​រាល់​គ្នា​មែន ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ក្នុង​ការ​នេះ​ឡើយ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ផុត​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌យេហូវ៉ា​ហើយ»។ បន្ទាប់​មក ភីនេ‌ហាស​ជា​កូន​របស់​សង្ឃ​អេលា‌សារ និង​ពួកមេ​ដឹក​នាំ ចាក​ចេញ​ពី​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាដ​នៅ​ស្រុក​កាឡាដ ត្រឡប់មក​ស្រុក​កាណាន ជួប​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ទាំង​នាំ​ដំណឹង​នោះ​មក​ប្រាប់​ពួក​គេ។

ចែក​រំលែក
អាន យ៉ូស្វេ 22

យ៉ូស្វេ 22:10-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពួក​គេ​មក​ដល់​ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹម‌ស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រា‌អែល»។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ ព្រម​ទាំង​អ្នក​ដឹក​នាំ​ដប់​នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់ៗ​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖ «សហគមន៍​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ដូច្នេះ? នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​ឲ្យ​យើង​ដែល​ជា​សហគមន៍​របស់​ព្រះ‌អម្ចាស់​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ? ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ព្រះ‌អម្ចាស់​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះអង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ​ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ កាល​លោក​អេកាន​ជា​កូន​របស់​លោក​សេ‌រ៉ាស ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​កំហុស​របស់​គាត់ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មែន! ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះ‌បោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​ព្រះអង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។ ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ! តាម​ពិត មិន​មែន​ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បងប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់‌ទំនង​អ្វី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល? ពួក​រូបេន និង​ពួក​កាដ​អើយ! ព្រះ‌អម្ចាស់​បាន​យក​ទន្លេ​យ័រដាន់​ធ្វើ​ជា​ព្រំ‌ប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់​ទេ!”។ កូន​ចៅ​របស់​បងប្អូន​មុខ​ជា​បណ្ដាល​ឲ្យ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទៀត​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បងប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។ យើង​ខ្ញុំ​បាន​គិត​ជា​មួយ​គ្នា​ទៀត​ថា ទៅ​អនាគត បើ​សិន​ជា​គេ​ពោល​ពាក្យ​សម្ដី​នេះ​ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ព្រះ‌អម្ចាស់​បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន”។ យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នៅ​ថ្ងៃ​នេះ ដោយ​សង់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញ‌បូជា​អ្វី​ផ្សេង ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នោះ​ឡើយ!»។ ពេល​លោក​បូជា‌ចារ្យ​ភីនេ‌ហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សម្ដី​ដែល​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ រៀប​រាប់ ពួក​គេ​ក៏​ពេញ​ចិត្ត។ លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​បងប្អូន​ពុំ​បាន​ក្បត់​ព្រះ‌អម្ចាស់ គឺ​បងប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់​ឡើយ»។ បន្ទាប់​មក លោក​ភីនេ‌ហាស ដែល​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​ចាក​ចេញ​ពី​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួប‌ជុំ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ ដោយ​នាំ​យក​របាយ‌ការណ៍​មក​ជា​មួយ​ផង។

ចែក​រំលែក
អាន យ៉ូស្វេ 22

យ៉ូស្វេ 22:10-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​បាន​ទៅ​ដល់​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នោះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ស្អាង​អាសនា​១​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាសនា​មាន​ភាព​យ៉ាង​ធំ ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាសនា​១​នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រាអែល​យើង​នេះ​ហើយ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឮ​ដូច្នោះ នោះ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ដើម្បី​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ ទៅ​ឯ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នៅ​ស្រុក​កាឡាត ព្រម​ទាំង​មាន​ពួក​ជា​កំពូល​១០​នាក់​ទៅ​ជា​មួយ​ផង គឺ​ម្នាក់ៗ​ក្នុង​វង្ស​នៃ​ពួក​ឰយុកោ​១ របស់​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល​ទាំង​ពាន់ៗ គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្អាង​អាសនា​សំរាប់​ខ្លួន ប្រយោជន៍​នឹង​ប្រព្រឹត្ត​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ ឯ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ត្រង់​ពេអរ មិន​ទាន់​បាន​សំអាត​ខ្លួន​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ទោះ​បើ​មាន​សេចក្ដី​វេទនា​កើត​ដល់​ពួក​ជំនុំ​ព្រះ‌យេហូវ៉ា​ក៏​ដោយ តើ​ការ​នោះ​យល់​ថា​តូច​ពេក​ឬ​អី បាន​ជា​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ត្រូវ​ការ​ចង់​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀត ចាំ​មើល បើ​ឯង​រាល់​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ នោះ​ដល់​ថ្ងៃ​ស្អែក ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ហើយ ឬ​បើ‌សិន​ជា​ស្រុក ជា​កេរ្តិ៍‌អាករ​របស់​ឯង​រាល់​គ្នា​ស្មោក‌គ្រោក នោះ​មាន​តែ​ឆ្លង​ទៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា​ជា​ស្រុក​ដែល​តាំង​មាន​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទទួល​យក​ស្រុក​១​នៅ​ជា​មួយ​នឹង​យើង​ផង សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​បះ‌បោរ​នឹង​យើង​ដែរ ដោយ​ឯង​ស្អាង​អាសនា​១ ក្រៅ​ពី​អាសនា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​នោះ ឯ​អេកាន​ជា​កូន​សេរ៉ាស តើ​មិន​បាន​រំលង​ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​ទេ​ឬ​អី ហើយ​មាន​សេចក្ដី​ខ្ញាល់​ធ្លាក់​មក​លើ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ហើយ​មនុស្ស​នោះ​មិន​មែន​បាន​វិនាស​ទៅ​តែ​ម្នាក់​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​នោះ​ទេ។ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លើយ​ទៅ​ពួក​មេ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ពាន់​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ ពួក​អ៊ីស្រាអែល​ក៏​នឹង​ដឹង​ដែរ បើ​យើង​រាល់​គ្នា​បាន​ស្អាង​អាសនា​នេះ ដោយ​បះ‌បោរ ឬ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ គឺ​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​ប្រយ័ត​វិញ​ទេ​តើ ហើយ​តាម​បំណង​ចិត្ត ដោយ​នឹក​ខ្លាច​ក្រែង​វេលា​ណា​ទៅ​មុខ ពួក​កូន​ចៅ​អ្នក​រាល់​គ្នា​និយាយ​ចំពោះ​ពួក​កូន​ចៅ​យើង​ខ្ញុំ​ថា តើ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ទន្លេ​យ័រដាន់ ទុក​ជា​ព្រំ‌ខណ្ឌ​នៅ​កណ្តាល​យើង នឹង​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន នឹង​កូន​ចៅ​កាឌ់​ហើយ ដូច្នេះ​ឯង​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ យ៉ាង​នោះ​ពួក​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នឹង​បណ្តាល​ឲ្យ​ពួក​កូន​ចៅ​យើង​ខ្ញុំ​លែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហេតុ​នោះ បាន​ជា​យើង​រាល់​គ្នា​បាន​និយាយ​គ្នា​ថា ចូរ​យើង​ស្អាង​អាសនា​១ មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​យើង​ទាំង​អស់​គ្នា​ត​ទៅ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដង្វាយ​ដុត​យញ្ញ‌បូជា នឹង​ដង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ប្រយោជន៍​ដល់​ពេល​ទៅ​មុខ កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​និយាយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ថា ឯង​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ​នោះ​ឡើយ ដូច្នេះ​យើង​ខ្ញុំ​បាន​សំរេច​ថា បើ​កាល​ណា​គេ​នឹង​និយាយ​ដូច្នោះ​មក​យើង​ខ្ញុំ ឬ​នឹង​ពូជ​ដំណ​យើង​ខ្ញុំ​ត​ទៅ​មុខ នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​ថា មើល នេះ​ជា​គំរូ​ពី​អាសនា​ផង​ព្រះ‌យេហូវ៉ា ដែល​ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ស្អាង​ទុក មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ សូម​ឲ្យ​គំនិត​យ៉ាង​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​តាម​ទ្រង់​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាសនា​សំរាប់​ដង្វាយ​ដុត ដង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាសនា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោសថ​ទ្រង់​នោះ​ឡើយ។ កាល​ភីនេ‌ហាស​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ពាន់ ដែល​នៅ​ជា​មួយ​នឹង​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​ក៏​បាន​ពេញ​ចិត្ត​ណាស់ រួច​ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ លោក​មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ថា នៅ​ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​ការ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ​ទេ ឯង​រាល់​គ្នា​បាន​ជួយ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ ដូច្នេះ ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ជា​កំពូល​នោះ គេ​ចេញ​ចាក​ពី​ពួក​កូន​ចៅ​រូបេន នឹង​កូន​ចៅ​កាឌ់ នៅ​ស្រុក​កាឡាត ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កាណាន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ​ទៅ ព្រម​ទាំង​នាំ​ដំណឹង​នោះ​មក​ប្រាប់​គេ​ដែរ

ចែក​រំលែក
អាន យ៉ូស្វេ 22

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ