យ៉ូស្វេ 22
22
ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស្វេ
កុលសម្ព័ន្ធនៅខាងកើតទន្លេយ័រដាន់វិលត្រឡប់ ទៅកាន់ទឹកដីរបស់គេវិញ
1ពេលនោះ លោកយ៉ូស្វេកោះហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលមកពីខាងកើត។ 2 លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសម្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ 3អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 4ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
5ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យ ដែលលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត» ។
6លោកយ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ 7លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ លោកយ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស្វេប្រាប់ពួកគេឲ្យវិលត្រឡប់ទៅជំរំវិញ ទាំងឲ្យពរពួកគេផង។ 8លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។
កុលសម្ព័ន្ធខាងកើតសង់អាសនៈមួយក្បែរទន្លេយ័រដាន់
9កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 10កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។ 11ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។ 12កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។ 13ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ 14ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។ 15ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖ 16 «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ? 17 នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើឲ្យយើងដែលជាសហគមន៍របស់ព្រះអម្ចាស់ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ? 18ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែកព្រះអម្ចាស់មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។ 19បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ 20 កាលលោកអេកានជាកូនរបស់លោកសេរ៉ាស ប្រព្រឹត្តមិនស្មោះត្រង់ចំពោះទ្រព្យដែលត្រូវបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែលព្រះអម្ចាស់ទ្រង់ព្រះពិរោធកំហុសរបស់គាត់ ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។
21កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖ 22«ព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ សូមកុំឲ្យព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។ 23ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីព្រះអម្ចាស់ និងដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានា ឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូមព្រះអម្ចាស់ដាក់ទោសយើងខ្ញុំទៅ! 24តាមពិត មិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា “តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល? 25ពួករូបេន និងពួកកាដអើយ! ព្រះអម្ចាស់បានយកទន្លេយ័រដាន់ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្ដាលឲ្យកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចព្រះអម្ចាស់ទៀតមិនខាន។ 26ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនសម្រាប់ថ្វាយតង្វាយដុតទាំងមូល ឬសម្រាប់ថ្វាយយញ្ញបូជាឯទៀតៗឡើយ 27ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើព្រះអម្ចាស់ ដោយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងយញ្ញបូជាឯទៀតៗដែរ។ ដូច្នេះ នៅអនាគត កូនចៅរបស់បងប្អូននឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់”ឡើយ។ 28យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគត បើសិនជាគេពោលពាក្យសម្ដីនេះចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ព្រះអម្ចាស់បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។ 29យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ ឬក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះ ដោយសង់អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេង ក្រៅពីថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់យើង គឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។
30ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសម្ដីដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ ពួកគេក៏ពេញចិត្ត។ 31លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ មានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថា ព្រះអម្ចាស់ពិតជាគង់នៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ព្រះអម្ចាស់ គឺបងប្អូនពុំបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទទួលទោសពីព្រះអម្ចាស់ឡើយ»។
32បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ 33ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។ 34កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 22: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.