យ៉ូអែល 2:1-11

យ៉ូអែល 2:1-11 គខប

ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះ‌ជាម្ចាស់! ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លុប ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។ នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល ឆេះ​បំផ្លាញ​ទាំង​អស់​នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។ ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ ពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល​សេះ សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចម្បាំង ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ តម្រៀប​គ្នា​ចូល​ប្រយុទ្ធ។ ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។ ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាច ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ ម្នាក់ៗ​សម្រុក​ទៅ​មុខ ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។ គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។ ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង រត់​នៅ​លើ​កំពែង​ក្រុង ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា ដូច​ចោរ​ចូល​លួច។ ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។ ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ច្រើន​លើស‌លុប និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូអែល 2:1-11