យ៉ូអែល 1

1
1នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេធូ‌អែល។
សត្វ​កណ្ដូប​ស៊ី​បង្ហិន​ភោគ‌ផល
2ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់!
អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាន
នៅ​ជំនាន់​អ្នក​រាល់​គ្នា
ឬ​នៅ​ជំនាន់​ដូនតា​របស់​អ្នក​រាល់​គ្នា?
3ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះ
ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា
ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា
រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន
រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត
ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។
4អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់
នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន
អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់
នោះ​មាន​ចង្រិត​ស៊ី​បង្ហិន
ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់
នោះ​មាន​ក្រា​ស៊ី​បង្ហិន។
5មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង
ហើយ​នាំ​គ្នា​យំ​សោក!
អស់​អ្នក​ចំណូល​ស្រា​អើយ
ចូរ​សោក​សង្រេង​ទៅ!
អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។
6 មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ
មក​ប្រហារ​ស្រុក​របស់​យើង
ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា
មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល
និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។
7ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង
ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង
ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់
បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។
8ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ
ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។
9គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ
មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ
ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ
ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។
10ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់
សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ
គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី
ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។
11អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត
អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង
ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ
ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។
12ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់
ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់
រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត
ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ
ក៏​ងាប់​អស់​ដែរ
ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។
13ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ
ហើយ​កាន់​ទុក្ខ​ទៅ!
អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បម្រើ​អាសនៈ
ចូរ​សោក​សង្រេង​ទៅ!
អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ
ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ
ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ
មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា
នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។
14ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ
ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។
ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន
នៅ​ក្នុង​ស្រុក​ទាំង​មូល
ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ!
15 ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ!
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ
គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។
16ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់
ពី​មុខ​ពួក​យើង
ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង
ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយ
ទៀត​ដែរ។
17គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់
ជង្រុក​ស្រូវ​នៅ​ទទេ
ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់
ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។
18ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ
ហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែង
ព្រោះ​គ្មាន​ស្មៅ​ស៊ី
សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។
19 ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
ដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅ
អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​តាម​ចម្ការ។
20សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះអង្គ​ដែរ
ដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់
ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។

ទើបបានជ្រើសរើសហើយ៖

យ៉ូអែល 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល