ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី ក្នុងខ្យល់ព្យុះដូចតទៅ៖ «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង! តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ? តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ? តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម ហើយពោរពេញទៅដោយពន្លឺរស្មីដ៏រុងរឿង ដូចព្រះជាម្ចាស់ឬ? ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ និងបន្ទាបពួកគេទាំងអស់គ្នាទៅ។ ចូរក្រឡេកមើលមនុស្សមានអំនួត ហើយបន្ថោកពួកគេទាំងអស់គ្នា! ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។ ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។ ពេលនោះ យើងនឹងលើកតម្កើងអ្នក ដ្បិតអ្នកបានទទួលជោគជ័យ ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។ ចូរមើលទៅសត្វដំរីទឹក ដែលយើងបានបង្កើតមកដូចជាអ្នកដែរ វាស៊ីស្មៅដូចគោ កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា កន្ទុយរបស់វារឹងដូចដើមតាត្រៅ សរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។ វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់ មានតែព្រះដែលបង្កើតវាទេ ដែលអាចបង្ក្រាបវាបាន ។ វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។ វាដេកនៅក្រោមស្លឹកឈូក ហើយសម្ងំនៅតាមដើមត្រែង ក្នុងត្រពាំង។ ម្លប់ស្លឹកឈូកបាំងលើវា ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។ ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង ក៏វាមិនព្រួយដែរ។ គ្មាននរណាអាចចាប់វាបាន ក្នុងពេលដែលវាកំពុងតែបើកភ្នែក ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ របស់វាបានដែរ។
អាន យ៉ូប 40
ស្ដាប់នូវ យ៉ូប 40
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 40:6-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ