យ៉ូប 29
29
លោកយ៉ូបរំឭកពីគ្រាដែលលោកបានរុងរឿង
1លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖
2«ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុន
គឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
3នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ
ហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំ
ឲ្យដើរកាត់ភាពងងឹត។
4ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះ
ព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ
ព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
5ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
គង់នៅជាមួយខ្ញុំ
ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
6ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ
យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ
ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
7ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង
អង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
8ពួកយុវជនឃើញខ្ញុំ
គេនាំគ្នាដកខ្លួនថយ
ពួកចាស់ទុំនាំគ្នាក្រោកឈរ។
9ពួកមេដឹកនាំឈប់និយាយ
យកដៃខ្ទប់មាត់ ហើយនៅស្ងៀម
10ពួកអភិជនក៏នៅស្ងៀមស្ងាត់
មិនហ៊ាននិយាយស្ដីទេ។
11ពេលមនុស្សម្នាឮខ្ញុំនិយាយ គេឲ្យពរខ្ញុំ
ពេលគេឃើញខ្ញុំ គេពោលសរសើរខ្ញុំ
12ដ្បិតពេលមនុស្សវេទនាស្រែកអង្វរ
ខ្ញុំជួយយកអាសាគេ
ហើយខ្ញុំក៏បានជួយក្មេងកំព្រា
គ្មានទីពឹងដែរ។
13អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំ
ហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយ
ឲ្យមានអំណរសប្បាយ។
14សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ
ប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំ
ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ
និងឈ្នួតក្បាលរបស់ខ្ញុំដែរ។
15ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់
និងជាជើងរបស់មនុស្សខ្វិន។
16ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ
ហើយជួយរកខុសត្រូវឲ្យមនុស្ស
ដែលខ្ញុំពុំស្គាល់ផង។
17ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត
ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
18ពេលនោះ ខ្ញុំគិតថា
ខ្ញុំមុខជាមានអាយុវែង
ហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំ។
19ខ្ញុំប្រៀបដូចជាដើមឈើ
ដែលមានឫសចាក់ទៅរកទឹក
ហើយនៅពេលយប់
មានសន្សើមធ្លាក់មកលើមែក។
20ខ្ញុំនឹងទទួលកិត្តិយសមិនចេះចប់
កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មី
ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
21មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ
ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
22អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ
គ្មាននរណាប្រកែកតវ៉ាទេ
តែពួកគេទទួលយកទាំងអស់គ្នា។
23ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀង
គឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
24ពេលខ្ញុំញញឹមដាក់ពួកគេ
ពួកគេរកជឿមិនបាន។
ពួកគេរង់ចាំខ្ញុំសម្តែងចិត្តមេត្តាករុណា
ចំពោះពួកគេ។
25ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ
ខ្ញុំនឹងបង្ហាញផ្លូវពួកគេ
ហើយខ្ញុំស្ថិតនៅជាមួយពួកគេ
ដូចស្ដេចស្ថិតនៅជាមួយកងពលរបស់ខ្លួន
និងដូចមនុស្សម្នាក់លើកទឹកចិត្ត
អស់អ្នកដែលកើតទុក្ខ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 29: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.