យ៉ូប 27
27
មនុស្សមានទោសមិនអាចអង្វរករព្រះអង្គបានទេ
1លោកយ៉ូបរៀបរាប់សាជាថ្មី
ដូចតទៅ៖
2«ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់
ដែលមានព្រះជន្មគង់នៅ!
ព្រះអង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើ
ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
3ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល
ហើយខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់
ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
4នោះមាត់របស់ខ្ញុំនឹងមិនស្រដី
ចេញមកនូវពាក្យអាក្រក់
ហើយអណ្ដាតរបស់ខ្ញុំ
ក៏មិនថ្លែងពាក្យវៀចវេរដែរ។
5ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា
ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ
រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា
ខ្ញុំមានទោសឡើយ។
6ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិត
ដរាបណាខ្ញុំមានជីវិត
មនសិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។
7សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំ
ទទួលទោសដូចមនុស្សអាក្រក់
សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំ
ទទួលទោសដូចមនុស្សទុច្ចរិត។
8ពេលព្រះជាម្ចាស់លុបបំបាត់មនុស្សទមិឡ
ព្រះអង្គដកជីវិតរបស់គេ
តើគេនៅមានសង្ឃឹមអ្វីទៀត?
9ពេលគេជួបនឹងភ័យអាសន្ន
តើព្រះជាម្ចាស់ស្ដាប់សម្រែករបស់គេឬទេ?
10តើគេយកព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ?
តើគេអង្វររកព្រះជាម្ចាស់
គ្រប់ពេលវេលាឬទេ?
11ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់
ឫទ្ធានុភាពរបស់ព្រះជាម្ចាស់
ខ្ញុំនឹងមិនលាក់គម្រោងការរបស់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឡើយ។
12អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ
ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ
ទាំងអស់គ្នាដូច្នេះ?
ការចម្រុងចម្រើនដែលមិននៅស្ថិតស្ថេរ
13មនុស្សអាក្រក់ មនុស្សឃោរឃៅ
ទទួលចំណែកមត៌កពីព្រះជាម្ចាស់ដូចតទៅ:
14ប្រសិនបើគេមានកូនចៅច្រើន
កូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវ
ពូជពង្សរបស់គេគ្មានអាហារ
បរិភោគគ្រប់គ្រាន់ឡើយ។
15កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់
ដោយជំងឺរាតត្បាត
ប្រពន្ធរបស់គេដែលនៅមេម៉ាយ
នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
16ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដី
ហើយសម្លៀកបំពាក់គរដូចភ្នំ
17គេបានត្រឹមតែប្រមូលប៉ុណ្ណោះ
តែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះ
ហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
18ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ
ឬដូចខ្ទមរបស់ឆ្មាំចម្ការ។
19ពេលចូលដំណេក គេជាអ្នកមាន
ប៉ុន្តែ នេះជាលើកចុងក្រោយហើយ
ដ្បិតពេលភ្ញាក់ឡើង
គេបាត់បង់ទ្រព្យសម្បត្តិអស់។
20ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់
ហើយនៅពេលយប់
ខ្យល់កួចនាំយកគេបាត់ទៅ។
21ខ្យល់ពីទិសខាងកើតបក់មក
កន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។
22ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី
ធ្វើឲ្យគេខិតខំរត់គេចចេញ។
23អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ
ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង
ដែលគេធ្លាប់រស់នៅ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 27: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.