យ៉ូប 15
15
ប្រសាសន៍លើកទីពីររបស់លោកអេលីផាស: មនុស្សអាក្រក់ពុំអាចរួចខ្លួនបានឡើយ
1លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖
2«តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ
មកឆ្លើយដែរឬ?
តើគេយកសេចក្ដីឥតបានការ
ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា
មកដាក់ពេញខ្លួនកើតឬ?
3តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍
មកនិយាយការពារខ្លួនដែរឬ?
4ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯង
លែងគោរពកោតខ្លាចព្រះជាម្ចាស់
ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍
នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត!
5សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមក
លោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។
6មិនមែនខ្ញុំទេ ដែលថ្កោលទោសលោក
គឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោក
ហើយពាក្យសម្ដីរបស់លោក
ចោទប្រកាន់ខ្លួនឯង។
7ក្នុងចំណោមមនុស្សទាំងអស់
តើលោកកើតមកមុនគេឬ
តើលោកកើតមក មុនភ្នំទាំងឡាយឬ?
8តើលោកបានឮគម្រោងការរបស់ព្រះជាម្ចាស់
ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា?
9តើមានការអ្វីដែលលោកដឹង
តែយើងខ្ញុំមិនដឹង?
តើមានការអ្វីដែលលោកយល់
តែយើងខ្ញុំមិនយល់?
10ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ
ដែលមានវ័យចំណាស់ៗ
មានអាយុវែងជាងឪពុករបស់លោកទៅទៀត!
11ព្រះជាម្ចាស់ឲ្យយើងខ្ញុំមក
សម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់
តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
12ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោល
និងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ?
13ធ្វើដូច្នេះ លោកដូចជាខឹងនឹងព្រះជាម្ចាស់
ហើយពោលពាក្យប្រឆាំងនឹងព្រះអង្គដែរ។
14 តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត
តើមនុស្សដែលកើតចេញមកពីស្ត្រី
អាចសុចរិតដូចម្ដេចកើត?
15សូម្បីតែពួកទេវតាដ៏វិសុទ្ធរបស់ព្រះអង្គ
ក៏ព្រះអង្គទុកចិត្តពុំបាន
ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ
នៅចំពោះព្រះភ័ក្ត្រព្រះអង្គទៅហើយ
16ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម
ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក
នោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
17ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់លោក
ខ្ញុំនឹងប្រាប់លោកពីការដែលខ្ញុំបានឃើញ
18គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល
ពីដូនតារបស់ពួកគេ
ហើយយកមកថ្លែងប្រាប់
ដោយឥតលាក់លៀម។
19ព្រះជាម្ចាស់ប្រទានទឹកដីឲ្យ
ដូនតារបស់ពួកគេតែប៉ុណ្ណោះ
គ្មានអ្នកដទៃទៀតមកឡូកឡំ
ក្នុងទឹកដីនោះឡើយ។
20មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ
មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
21មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង
ត្រចៀករបស់គេ
មេបំផ្លាញនឹងមកប្រហារគេ
ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
22គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹត
និងគេចផុតពីមុខដាវបានឡើយ។
23គេត្រេចចរស្វែងរកអាហារ
គេដឹងថា អនាគតរបស់គេ
មានតែភាពងងឹតសូន្យសុង។
24ភាពអាសន្ន និងការឈឺចាប់អន្ទះសា
ប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារ
ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
25ព្រោះគេបានលើកដៃប្រហារព្រះជាម្ចាស់
ហើយលើកខ្លួនប្រឆាំងនឹង
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
26គេហ៊ានរត់ទៅវាយប្រហារព្រះអង្គ
ទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។
27មុខគេឡើងខ្លាញ់ ហើយបានចម្រុងចម្រើន។
28គេនឹងកាន់កាប់ទីក្រុងបាក់បែក
រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល
ជាផ្ទះដែលជិតរលំ។
29ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀត
ទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរ
គេនឹងមិនចម្រុងចម្រើននៅលើផែនដីឡើយ។
30គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់
ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ
ហើយគេនឹងខ្ចាត់បាត់ទៅ
ដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
31កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍
បណ្ដាលឲ្យខកចិត្តនោះឡើយ
ដ្បិតគេនឹងទទួលការឥតប្រយោជន៍
ទុកជារង្វាន់។
32ហេតុការណ៍នេះនឹងកើតមានដល់គេ
មុនពេលស្លាប់
គឺប្រៀបដូចជាដើមឈើ
ដែលលែងមានស្លឹកខៀវខ្ចីទៀតហើយ។
33គេប្រៀបដូចជាដើមទំពាំងបាយជូរ
ពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់
ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
34ពូជរបស់មនុស្សទមិឡនឹងគ្មានកូន
ហើយភ្លើងនឹងឆាបឆេះទីលំនៅ
របស់ជនពុករលួយ។
35អ្នកបង្កគម្រោងការអាក្រក់
តែងតែបង្កើតឲ្យមានទុក្ខវេទនា
អ្វីៗដែលកើតចេញពីគេ
ធ្វើឲ្យគេខកចិត្ត»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.