យ៉ូហាន 8:48-58

យ៉ូហាន 8:48-58 គខប

ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «យើង​និយាយ​ថា លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គ្មាន​អារក្ស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ‌បង្អាប់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​មិន​រក​សិរី‌រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។ ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។ តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះអង្គ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេក‌អរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេក‌អរ​សប្បាយ»។ ជន‌ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហា‌សិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​លោក​អប្រាហាំ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត ​រួច​ស្រេច​ទៅ​ហើយ»។