យ៉ូហាន 8:48-58

យ៉ូហាន 8:48-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «យើង​និយាយ​ថា លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គ្មាន​អារក្ស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ‌បង្អាប់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​មិន​រក​សិរី‌រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។ ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។ តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះអង្គ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេក‌អរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេក‌អរ​សប្បាយ»។ ជន‌ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហា‌សិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​លោក​អប្រាហាំ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត ​រួច​ស្រេច​ទៅ​ហើយ»។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:48-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​និយាយ​ត្រូវ​ទេ ថា​អ្នក​ជា​សាសន៍​សា‌ម៉ារី ហើយ​មាន​អារក្ស​ចូល?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ​វិញ។ ខ្ញុំ​មិន​មែន​រក​សិរី‌ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ទេ មាន​ព្រះ​មួយ​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ក៏​ជំនុំ‌ជម្រះ​ផង។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។ ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់​ទៅ​វិញ។ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​នោះ​ឬ? តើ​អ្នក​តាំង​ខ្លួន​ជា​អ្វី?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ នោះ​សិរីល្អ​របស់​ខ្ញុំ​ឥត​ប្រយោជន៍ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា "ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង"។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​និយាយថា ខ្ញុំ​មិន​ស្គាល់​ព្រះ‌អង្គ​ទេ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៀត​ផង។ លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ត្រេក​អរ ដោយ​ឃើញ​ខ្ញុំ​មក​ដល់ លោក​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីក‌រាយ​ជា​ខ្លាំង»។ ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «អាយុ​អ្នក​មិន​ទាន់​ដល់​ហាសិប​ឆ្នាំ​ផង តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​លោក​អ័ប្រា‌ហាំ​កើត​មក មាន​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ»។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:48-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំ‌ជំរះ​ផង ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ​វិញ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរ‌បិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ​ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត‌ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក‌អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្ដី​រីក‌រាយ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ

ចែក​រំលែក
អាន យ៉ូហាន 8