ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ*។ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ មនុស្សលោកមិនអាចស្អប់ប្អូនៗឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ព្រះអង្គយាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។ ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។ អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿង របស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិត ឥតកុហកឡើយ។ លោកម៉ូសេប្រគល់ក្រឹត្យវិន័យទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។ បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានអារក្សចូលហើយបានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។ លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។ បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យបានជា នៅថ្ងៃសប្ប័ទដូច្នេះ? កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។ មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ? អ្នកដឹកនាំរបស់យើងប្រហែលទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ត*ទេដឹង ប៉ុន្តែ ពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គយាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកដល់នៅឡើយ។ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រិស្តយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។
អាន យ៉ូហាន 7
ស្ដាប់នូវ យ៉ូហាន 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 7:1-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ