យ៉ូហាន 7:1-31

យ៉ូហាន 7:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។ ថ្ងៃ​បុណ្យ​បារាំ​របស់​សាសន៍​យូដា​ជិត​ដល់​ហើយ ដូច្នេះ ប្អូនៗ​របស់​ព្រះ‌អង្គ​ទូល​ថា៖ «សូម​បង​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​អ្វី​ដែល​បង​ធ្វើ។ គ្មាន​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​លាក់​កំបាំង​នោះ​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង»។ (ដ្បិត​សូម្បី​តែ​បង‌ប្អូន​របស់​ព្រះ‌អង្គ ក៏​មិន​បាន​ជឿ​ដល់​ព្រះ‌អង្គ​ដែរ)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​វេលា​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ តែ​ពេល​វេលា​របស់​ប្អូន នោះ​មាន​ជា‌និច្ច។ មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ទេ តែ​គេ​ស្អប់​បង​វិញ ព្រោះ​បង​ធ្វើ​បន្ទាល់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។ ចូរ​ប្អូនៗ​ឡើង​ទៅ​បុណ្យ​នោះ​ចុះ បង​មិន​ទាន់​ទៅ​ទេ ព្រោះ​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។ ប៉ុន្តែ កាល​ប្អូនៗ​របស់​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ដែរ តែ​មិន​ឲ្យ​អ្នក​ណា​ដឹង​ទេ គឺ​ទៅ​ដោយ​សម្ងាត់​វិញ។ ក្នុង​ពិធី​បុណ្យ​នោះ ពួក​សាសន៍​យូដា​សួរ​រក​ព្រះ‌អង្គ​ថា «តើ​លោក​នៅ​ឯ​ណា?» បណ្តាជន​ជា​ច្រើន​ក៏​ខ្សឹប‌ខ្សៀវ​ពី​ព្រះ‌អង្គ ខ្លះ​ថា «លោក​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ!»។ ប៉ុន្តែ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ពី​ព្រះ‌អង្គ ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។ នៅ​ពាក់​កណ្តាល​ពេល​បុណ្យ​នោះ ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្តើម​បង្រៀន។ ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា៖ «តើ​អ្នក​នេះ​ចេះ​គម្ពីរ​មក​ពី​ណា បើ​គាត់​មិន​ដែល​រៀន​សោះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «សេចក្តី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។ បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នឹង​ដឹង​ថា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​មក​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។ អ្នក​ណា​និយាយ​ដោយ​អាង​ខ្លួន​ឯង អ្នក​នោះ​ចង់​តែ​លើក​តម្កើង​ខ្លួន​ឯង តែ​អ្នក​ដែល​ចង់​លើក​តម្កើង​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក អ្នក​នោះ​ពិត​ត្រង់ ហើយ​គ្មាន​សេចក្ដី​ភូតភរ​ណា​នៅ​ក្នុង​ខ្លួន​ឡើយ។ តើ​លោក​ម៉ូសេ​មិន​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ? ប៉ុន្តែ ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ហេតុ​អី្វ​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?» បណ្តាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​មាន​អារក្ស​ចូល​ហើយ តើ​អ្នក​ណា​រក​សម្លាប់​អ្នក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ឆ្ងល់​ទៅ​វិញ។ លោក​ម៉ូសេ​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក (តាម​ពិត ពិធី​កាត់​ស្បែក​មិន​មែន​មក​ពី​លោក​ម៉ូសេ​ទេ គឺ​មក​ពី​បុព្វបុរស​វិញ) ហើយ​អ្នក​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ។ បើ​មនុស្ស​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ មិន​ខុស​នឹង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ? កុំ​ជំនុំ‌ជម្រះ​តាម​ការ​មើល​ឃើញ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្តី​សុចរិត​វិញ»។ មាន​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា៖ «តើ​អ្នក​នេះ​មែន​ទេ ដែល​គេ​រក​សម្លាប់​នោះ? មើល៍! លោក​និយាយ​ដោយ​ចំហ តែ​គ្មាន​អ្នក​ណា​ថា​អ្វី​សោះ តើ​ពួក​នាម៉ឺន​ពិត​ជា​យល់​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ? យើង​ដឹង​ថា​អ្នក​នេះ​មក​ពី​ណា​ហើយ តែ​កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ថា​មក​ពី​ណា​ទេ»។ ដូច្នេះ កាល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង​ខ្លាំងៗ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ឬ​ទេ? ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ព្រះ​ដែល​ចាត់​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់ ហើយ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ព្រោះ​ខ្ញុំ​មក​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ ដូច្នេះ​គេ​រក​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ទៅ​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។ ក្នុង​ចំណោម​បណ្តា​ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​ធ្វើ​គុត​ព្រះអង្គ។ ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។ បងប្អូន​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «សូម​បង​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។ អ្នក​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។ បងប្អូន​របស់​ព្រះ‌យេស៊ូ​ពុំ​ជឿ​លើ​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ រីឯ​ប្អូនៗ​វិញ ចង់​ធ្វើ​អ្វី​ពេល​ណា​ក៏​បាន។ មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​ឡើយ ប៉ុន្តែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។ ចូរ​ប្អូនៗ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទៅ បង​មិន​ឡើង​ទៅ​ទេ ព្រោះ​ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ក្នុង​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។ កាល​ប្អូនៗ​របស់​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ ព្រះអង្គ​ក៏​យាង​ឡើង​ទៅ​ដែរ ប៉ុន្តែ ព្រះអង្គ​យាង​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។ ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​ព្រះ‌យេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។ បណ្ដា‌ជន​ខ្សឹប‌ខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​ព្រះអង្គ ខ្លះ​ថា«លោក​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដា‌ជន»។ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​ព្រះអង្គ​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។ លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ព្រះ‌វិហារ* ហើយ​បង្រៀន​បណ្ដា‌ជន។ ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​មិន​មែន​ចេញ​ពី​ខ្ញុំ​ទេ គឺ​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ អ្នក​ដែល​ចង់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​មុខ​ជា​ដឹង​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ​មក​ពី​ព្រះអង្គ ឬ​មក​ពី​ខ្ញុំ​ផ្ទាល់​មិន​ខាន។ អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្តិយសសម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុងរឿងរបស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យ​មក និយាយ​តែ​សេចក្ដី​ពិត ឥត​កុហក​ឡើយ។ លោក​ម៉ូសេ​ប្រគល់​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។ បណ្ដា‌ជន​តប​ទៅ​ព្រះអង្គ​ថា៖ «លោក​ពិត​ជា​មាន​អារក្ស​ចូល​ហើយ​បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​លោក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​កិច្ចការ​តែ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង‌ឆ្ងល់​ទៅ​វិញ។ លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ​ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ តែ​ឥត​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​ទាំង​មូល​ឲ្យ​បាន​ជា នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ? កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។ មាន​អ្នក​ក្រុង​យេរូ‌សាឡឹម​ខ្លះ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​គេ​រក​សម្លាប់ ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ? អ្នក​ដឹក​នាំ​របស់​យើង​ប្រហែល​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះ‌គ្រិស្ត*​ទេ​ដឹង ប៉ុន្តែ ពេល​ព្រះ‌គ្រិស្ត​យាង​មក គ្មាន​នរណា​ដឹង​ថា​ព្រះអង្គ​យាង​មក​ពី​ណា​ទេ។ រីឯ​លោក​នេះ​វិញ យើង​ដឹង​ហើយ​ថា​គាត់​មក​ពី​ណា»។ ពេល​នោះ ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ប៉ុន្តែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ ពេល​នោះ ពួក​គេ​រក​ចាប់​ព្រះ‌យេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។ ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ គេ​ពោល​ថា៖ «ពេល​ព្រះ‌គ្រិស្ត​យាង​មក តើ​ព្រះអង្គ​នឹង​សម្តែង​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ ទ្រង់​យាង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យាង​ក្នុង​ស្រុក​យូដា​ទេ ពី​ព្រោះ​សាសន៍​យូដា​រក​សំឡាប់​ទ្រង់ រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ នោះ​ជិត​ដល់​ហើយ ដូច្នេះ ពួក​ប្អូន​ទ្រង់​ទូល​ថា ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​ការ​ដែល​បង​ធ្វើ​ផង ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន នោះ​មិន​ដែល​ធ្វើ​ការ​ដោយ​សំងាត់​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ ចូរ​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដែរ ដ្បិត​ពួក​ប្អូន​ទ្រង់​មិន​បាន​ជឿ​ដល់​ទ្រង់​ទេ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ឯ​ពេល​វេលា​របស់​ឯង​រាល់​គ្នា នោះ​ចេះ​តែ​មាន​ជានិច្ច តែ​ពេល​វេលា​របស់​អញ​មិន​ទាន់​ដល់​នៅ​ឡើយ លោកីយ​ពុំ​អាច​នឹង​ស្អប់​ឯង​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពី​ព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ចូរ​ឯង​រាល់​គ្នា​ឡើង​ទៅ​ឯ​បុណ្យ​នេះ​ចុះ ឯ​អញ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​អញ​មិន​ទាន់​សំរេច​នៅ​ឡើយ កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​គង់​នៅ​ស្រុក​កាលី‌ឡេ​ដដែល ប៉ុន្តែ កាល​ពួក​ប្អូន​ទ្រង់​ឡើង​ទៅ​ឯ​បុណ្យ​នោះ​ផុត​ហើយ នោះ​ទ្រង់​ក៏​យាង​ទៅ​ដែរ តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា ហើយ​ក្នុង​ហ្វូង​មនុស្ស ក៏​ឮ​ខ្សឹប‌ខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន ខ្លះ​ថា លោក​ជា​មនុស្ស​ល្អ ខ្លះ​ទៀត​ថា ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ ប៉ុន្តែ គ្មាន​អ្នក​ឯ​ណា​ហ៊ាន​និយាយ​ពី​ដំណើរ​ទ្រង់ ឲ្យ​បណ្តាជន​ដឹង​ឡើយ ព្រោះ​ខ្លាច​សាសន៍​យូដា។ នៅ​ពាក់​កណ្តាល​ពេល​បុណ្យ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឡើង​ទៅ បង្រៀន​ក្នុង​ព្រះ‌វិហារ ហើយ​ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពី​ព្រោះ​គាត់​មិន​ដែល​រៀន‌សូត្រ​សោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​ដំកើង​ដល់​ខ្លួន​ទេ តែ​អ្នក​ដែល​ចង់​លើក​ដំកើង​ថ្វាយ​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក នោះ​ទើប​ពិត​វិញ ហើយ​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ឡើយ ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រិត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ​អី ប៉ុន្តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ​ដូច្នេះ ហ្វូង​មនុស្ស​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ឯង​មាន​អារក្ស​ចូល​ទេ តើ​មាន​អ្នក​ណា​រក​សំឡាប់​ឯង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ធ្វើ​ការ​១ ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​ឰយុកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សំរាក​ផង ដូច្នេះ បើ​មនុស្ស​ទទួល​កាត់​ស្បែក នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​មិន​ឲ្យ​រំលង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​តើ​អ្នក​រាល់​គ្នា​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ស្រឡះ នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​អី កុំ​ឲ្យ​ជំនុំ‌ជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជំរះ​តាម​សេចក្ដី​សុចរិត​វិញ។ នោះ​មាន​ពួក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សំឡាប់​នោះ ហើយ​មើល គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះ‌គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ ដូច្នេះ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ក៏​បន្លឺ​ឧទាន​ឡើង​ថា អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ផង តែ​ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ឯ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់​ហើយ អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដូច្នេះ គេ​រក​ចាប់​ទ្រង់ ប៉ុន្តែ គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​សោះ ពី​ព្រោះ​កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី

ចែក​រំលែក
អាន យ៉ូហាន 7