យ៉ូហាន 6:25-71

យ៉ូហាន 6:25-71 គខប

បណ្ដា‌ជន​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។ កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ​ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក»។ គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ? បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន* ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ* មក​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។ ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។ គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់” ។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះអង្គ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។ រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំ ផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។ ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។ សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។ ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះអង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។ អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះអង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។ ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ? ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា? មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​ឡើយ»។ ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះអង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ