យ៉ូហាន 6:25-71

យ៉ូហាន 6:25-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​ឃើញ​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង​ហើយ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​ពេល​ណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិ‌ភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ។ កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពួក​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដែល​រាប់​ថា​ជា​កិច្ច‌ការ​របស់​ព្រះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កិច្ច‌ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក»។ ដូច្នេះ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​នឹង​ធ្វើ​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ខ្ញុំ​ឃើញ ហើយ​ជឿ​ដល់​លោក? តើ​លោក​ធ្វើ​កិច្ច‌ការ​អ្វី​ខ្លះ? បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​បរិ‌ភោគ​នំ​ម៉ាណា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​ចែង​ទុក​មក​ថា៖ "លោក​បាន​ឲ្យ​នំបុ័ង​មក​ពី​ស្ថាន‌សួគ៌​ដល់​គេ​បរិ‌ភោគ"» ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​មក​អ្នក​រាល់​គ្នា​ទេ តែ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា។ ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ប្រទាន​ជីវិត​ឲ្យ​មនុស្ស​លោក»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​រហូត​ទៅ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​រក​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ។ អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។ ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​វិញ។ នេះ​ហើយ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​មិន​ចង់​ឲ្យ​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត។ នេះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត»។ ពេល​នោះ ពួក​សាសន៍​យូដា​ឌុក‌ដាន់​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក»។ គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក‌ម្តាយ​គាត់​ទេ​ឬ? ម្តេច​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កុំ​ឲ្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ឡើយ គ្មាន​អ្នក​ណា​អាច​មក​រក​ខ្ញុំ​បាន​ទេ លើក​លែង​តែ​ព្រះ‌វរបិតា ទាញ​នាំ​គេ​ឲ្យ​មក​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ នៅ​ក្នុង​គម្ពីរ​ហោរា​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា" អស់​អ្នក​ដែល​បាន​ឮ ហើយ​បាន​រៀន​ពី​ព្រះ‌វរបិតា អ្នក​នោះ​នឹង​មក​រក​ខ្ញុំ។ នេះ​មិន​មែន​មាន​ន័យ​ថា មាន​អ្នក​ណា​បាន​ឃើញ​ព្រះ‌វរបិតា​ឡើយ មាន​តែ​អ្នក​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ អ្នក​នោះ​ហើយ​បាន​ឃើញ​ព្រះ‌វរបិតា។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ខ្ញុំ​ជា​នំបុ័ង​ជីវិត។ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នំ​ម៉ាណា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ នំប៉័ង​ដែល​ខ្ញុំ​និយាយ​នេះ ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដូច្នេះ អ្នក​ណា​ដែល​បរិ‌ភោគ មិន​ត្រូវ​ស្លាប់​ឡើយ។ ខ្ញុំ​ជា​នំបុ័ង​ជីវិត ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។ ដូច្នេះ ពួក​សាសន៍​យូដា​ជជែក​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​គាត់​មក​យើង​បរិ‌ភោគ​ដូច​ម្តេច​បាន?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​ផឹក​ឈាម​កូន​មនុស្ស​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ឡើយ។ អ្នក​ណា​ដែល​ពិសា​សាច់ និង​ផឹក​ឈាម​របស់​ខ្ញុំ មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត​ប្រាកដ ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ អ្នក​ណា​ដែល​ពិសា​សាច់ និង​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​នៅ​ជាប់​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ជាប់​ក្នុង​អ្នក​នោះ​ដែរ។ ដូច​ជា​ព្រះ‌វរបិតា​ដែល​មាន​ព្រះ‌ជន្ម​រស់ បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​រស់​នៅ ដោយ​សារ​ព្រះ‌អង្គ នោះ​អ្នក​ណា​ដែល​ពិសា​ខ្ញុំ នឹង​រស់​ដោយ​សារ​ខ្ញុំ​ដែរ។ នេះ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ពិត មិន​ដូច​ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​បរិ‌ភោគ​នំ​ម៉ាណា ហើយ​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​កំពុង​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។ ពេល​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន​ឮ​សេចក្ដី​នោះ គេ​ពោល​ថា៖ «សេចក្តី​បង្រៀន​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន?» ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​សេចក្ដី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឬ? ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ស្ថាន ដែល​លោក​នៅ​ពី​ដើម តើ​អ្នក​គិត​ដូច​ម្តេច? មាន​តែ​ព្រះ​វិញ្ញាណ​ទេ​ដែល​ប្រទាន​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ និង​ជីវិត​វិញ។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​មិន​ជឿ​ទេ» (ដ្បិត​ព្រះ‌យេស៊ូវ​ជ្រាប​តាំង​តែ​ពី​ដើម​មក អំពី​អ្នក​ណា​ដែល​មិន​បាន​ជឿ ហើយ​អំពី​អ្នក​ណា ដែល​នឹង​បញ្ជូន​ព្រះ‌អង្គ)។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​រក​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ‌វរបិតា​ប្រោស​ប្រទាន​មក​ប៉ុណ្ណោះ»។ តាំង​ពី​នោះ​មក មាន​សិស្ស​ព្រះ‌អង្គ​ជា​ច្រើន​ដក​ខ្លួន​ថយ មិន​តាម​ព្រះ‌អង្គ​ទៀត​ឡើយ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​អ្នក​ទាំង​ដប់ពីរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​អ្នក​ណា​វិញ? គឺ​ព្រះ‌អង្គ​ហើយ​ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​អស់​កល្ប​ជា‌និច្ច។ យើង​ខ្ញុំ​ជឿ​ហើយ ក៏​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​បរិសុទ្ធ​តែ​មួយ​របស់​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ទាំង​ដប់ពីរ​មក​ទេ​ឬ? តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស»។ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​យូដាស‌អ៊ីស្កា‌រីយុត កូន​របស់​ស៊ីម៉ូន ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដ្បិត​គាត់​រៀប​នឹង​ក្បត់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:25-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បណ្ដា‌ជន​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។ កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ​ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក»។ គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ? បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន* ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ* មក​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។ ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។ គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់” ។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះអង្គ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។ រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំ ផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។ ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។ សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។ ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះអង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។ អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះអង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។ ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ? ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា? មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​ឡើយ»។ ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះអង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:25-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះវរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នោះ​គេ​ទូល​សួរ​ទ្រង់​ថា បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​ណា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ដើម្បី​ឲ្យ​បាន​ជឿ​ដល់​លោក តើ​លោក​ធ្វើ​ការ​អ្វី​ខ្លះ ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ» ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ នោះ​គឺ​ព្រះវរ‌បិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង ដូច្នេះ គេ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​ជានិច្ច។ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ អស់​អ្នក​ណា​ដែល​ព្រះវរ‌បិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ នោះ​ពួក​សាសន៍​យូដា គេ​ឌុក‌ដាន់​ទ្រង់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក គេ​និយាយ​ថា អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្តាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្តេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា កុំ​ឲ្យ​រទូ‌រទាំ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា» ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះវរ‌បិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ នេះ​មិន​មែន​ថា មាន​អ្នក​ណា​ដែល​ឃើញ​ព្រះវរ‌បិតា​នោះ​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​មក​ពី​ព្រះ​ប៉ុណ្ណោះ ព្រះ‌អង្គ​នោះ​ទើប​ទ្រង់​បាន​ឃើញ​ព្រះវរ‌បិតា​មែន ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច ខ្ញុំ​ជា​នំបុ័ង​ជីវិត ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ មិន​ត្រូវ​ស្លាប់​ឡើយ ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក ដូច្នេះ ពួក​សាសន៍​យូដា​គេ​ជជែក​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួន​មក​យើង​បរិភោគ​បាន។ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត ពី​ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយ‌សារ​ខ្ញុំ ដូច​ជា​ព្រះវរ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់​នៅ ដោយ‌សារ​ទ្រង់​ដែរ នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​ឰយុកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ក្នុង​សាលា​ប្រជុំ នៅ​កាពើ‌ណិម កំពុង​ដែល​ទ្រង់​បង្រៀន​គេ។ ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្ដី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា ពួក​សិស្ស​រទូ‌រទាំ​ពី​សេចក្ដី​នោះ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា តើ​សេចក្ដី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពី​ដើម នោះ​តើ​នឹង​គិត​ដូច​ម្តេច​ទៅ គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ នេះ​ដ្បិត​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប តាំង​តែ​ពី​ដើម​មក អំពី​អ្នក​ណា​ដែល​មិន​បាន​ជឿ ហើយ​អំពី​អ្នក​ណា ដែល​នឹង​បញ្ជូន​ទ្រង់ ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ។ តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​១២​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ពិត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ជា​ពួក​១២​នាក់​ទេ​ឬ​អី តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស​វិញ នេះ​គឺ​ទ្រង់​មាន​បន្ទូល​ពី​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​នៅ​ក្នុង​ពួក​១២​នាក់​នោះ ដ្បិត​វា​រៀប​នឹង​បញ្ជូន​ទ្រង់​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 6