យ៉ូហាន 4:46-54

យ៉ូហាន 4:46-54 គខប

ព្រះអង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជការ​ម្នាក់​មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​លោក​មាន​ជំងឺ។ កាល​លោក​ជ្រាប​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះអង្គ ទូល‌អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​ជា​សះ‌ស្បើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សម្គាល់ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។ មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ»។ បុរស​នោះ​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ក៏​ចេញ​ដំណើរ​ទៅ។ ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​លោក​រស់​ហើយ។ លោក​ក៏​សួរ​អ្នក​បម្រើ​ឲ្យ​ដឹង​ថា កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិល‌មិញ វេលា​ម៉ោង​មួយ​រសៀល»។ ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា“កូន​របស់​លោក​រស់​ហើយ!”។ លោក​ជឿ​លើ​ព្រះ‌យេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​ក៏​ជឿ​លើ​ព្រះអង្គ​ដែរ។ នេះ​ជា​ទី​សម្គាល់​លើក​ទី​ពីរ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​វិញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ