យ៉ូហាន 3:1-12

យ៉ូហាន 3:1-12 គខប

មាន​នាម៉ឺន​ជាតិ​យូដា​ម្នាក់​ឈ្មោះ នីកូ‌ដេម លោក​នៅ​ខាង​គណៈ​ផារីស៊ី*។ លោក​បាន​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់ ហើយ​ទូល​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​គ្រូ​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សម្គាល់​ដូច​លោក​គ្រូ​ឡើយ វៀរ‌លែង​តែ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​នោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មី ទេ គេ​មិន​អាច​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ឡើយ។ អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន ។ ពេល​ខ្ញុំ​ជម្រាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។ ខ្យល់ ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ? ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។ ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 3:1-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ