យ៉ូហាន 21:15-23

យ៉ូហាន 21:15-23 គខប

លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស* ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​ឱន​ទៅ​ជិត​ព្រះ‌ឱរា​របស់​ព្រះ‌យេស៊ូ​នៅ​ពេល​ជប់‌លៀង ហើយ​ទូល​សួរ​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះអង្គ?”។ កាល​លោក​ពេត្រុស​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌អម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក? ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ប្រាប់​លោក​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 21:15-23

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ