យ៉ូហាន 21:1-7

យ៉ូហាន 21:1-7 គខប

ក្រោយ​មក ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស គឺ​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖ លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស ហៅ​ឌីឌីម លោក​ណាថា‌ណែល​ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​ព្រះ‌យេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។ លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។ ព្រលឹម​ឡើង ព្រះ‌យេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ ពេល​នោះ សិស្ស​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។