យ៉ូហាន 20:24-31

យ៉ូហាន 20:24-31 គខប

កាល​ព្រះ‌យេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។ សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់»។ ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់ ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖ «មើល​ដៃ​ខ្ញុំ​នេះ ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។ ចូរ​ជឿ​ទៅ! កុំ​រឹង‌រូស​មិន​ព្រម​ជឿ​ដូច្នេះ!»។ លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ​ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ!»។ ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឲ្យ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។ រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះអង្គ ។