យ៉ូហាន 18:15-27

យ៉ូហាន 18:15-27 គខប

លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជា‌ចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់ ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។ ស្ត្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។ ពួក​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។ លោក​មហា​បូជា‌ចារ្យ*​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ​ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះ‌វិហារ* ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។ ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះអង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជា‌ចារ្យ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។ ពេល​នោះ លោក​អាណ​បញ្ជូន​ព្រះអង្គ ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផា ជា​មហា​បូជា‌ចារ្យ។ លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។ មាន​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ត្រូវ​ជា​បងប្អូន​នឹង​អ្នក ដែល​លោក​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។ លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី​ម្ដង​ទៀត។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង។