យ៉ូហាន 18:15-27
យ៉ូហាន 18:15-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។ ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។ ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។ លោកមហាបូជាចារ្យ*សួរព្រះយេស៊ូអំពីពួកសិស្ស*របស់ព្រះអង្គ និងអំពីសេចក្ដីដែលព្រះអង្គបង្រៀន។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ* និងនៅក្នុងព្រះវិហារ* ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។ ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។ ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។ ពេលនោះ លោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផា ជាមហាបូជាចារ្យ។ លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។ មានអ្នកបម្រើរបស់មហាបូជាចារ្យ*ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ លោកពេត្រុសប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។
យ៉ូហាន 18:15-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតបានដើរតាមព្រះយេស៊ូវ។ ដោយសារសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ បានជាគាត់អាចចូលជាមួយព្រះយេស៊ូវ ទៅក្នុងទីលានសម្តេចសង្ឃបាន តែពេត្រុសឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះ ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលទៅខាងក្នុងដែរ។ ស្រីបម្រើដែលចាំយាមទ្វារ និយាយទៅកាន់ពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ឆ្លើយថា៖ «មិនមែនទេ»។ ពេលនោះ ពួកបាវបម្រើ និងពួកកងរក្សាព្រះវិហារក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេ។ បន្ទាប់មក សម្តេចសង្ឃសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្តីបង្រៀនរបស់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបាននិយាយប្រាប់មនុស្សលោក នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។ ហេតុអ្វីបានជាលោកសួរខ្ញុំ? ចូរសួរអស់អ្នកដែលបានស្តាប់ខ្ញុំ ពីអ្វីដែលខ្ញុំនិយាយនោះទៅ គេសុទ្ធតែដឹងពីអ្វីដែលខ្ញុំបាននិយាយ»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ កងរក្សាព្រះវិហារម្នាក់ដែលឈរនៅទីនោះ ក៏ទះកំផ្លៀងព្រះយេស៊ូវ ហើយនិយាយថា៖ «តើអ្នកឯងឆ្លើយទៅសម្តេចសង្ឃបែបនេះឬ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «បើខ្ញុំនិយាយខុស ចូរប្រាប់មកមើល តើខុសត្រង់ណា តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ?» លោកអាណឲ្យគេនាំព្រះអង្គទាំងជាប់ចំណង ទៅលោកកៃផា ជាសម្តេចសង្ឃវិញ។ ពេលនោះ ស៊ីម៉ូន-ពេត្រុសកំពុងឈរអាំងភ្លើង ហើយមានគេសួរគាត់ថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ប្រកែកថា៖ «មិនមែនទេ»។ មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?» ពេត្រុសក៏ប្រកែកម្តងទៀត រំពេចនោះស្រាប់តែមាន់ក៏រងាវឡើង។
យ៉ូហាន 18:15-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស៊ីម៉ូន-ពេត្រុស នឹងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ ឯពេត្រុស គាត់ឈរនៅឯមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ ពួកបាវ នឹងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស នឹងសេចក្ដីដែលទ្រង់បង្រៀន ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំនិយាយនោះវិញ មើល គេដឹងសេចក្ដីដែលខ្ញុំនិយាយដែរ កាលទ្រង់មានបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ ព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្ដីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។ ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។