យ៉ូហាន 18:1-11

យ៉ូហាន 18:1-11 គខប

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះអង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស*។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។ ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​ដល់​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ទៅ​មុខ មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ” »។ លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។