យ៉ូហាន 17:1-11

យ៉ូហាន 17:1-11 គខប

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​ឡើង ដើម្បី​ឲ្យ​បុត្រ​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ដែរ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​បុត្រ​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​បុត្រ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ប្រទាន​មក​បុត្រ។ រីឯ​ជីវិត​អស់‌កល្ប​ជានិច្ច​នោះ​គឺ​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ដែល​ព្រះអង្គ​ចាត់​ឲ្យ​មក។ ទូលបង្គំ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ ដែល​ព្រះអង្គ​បញ្ជា​ឲ្យ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។ ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។ ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​គេ​មក​ឲ្យ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់ ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះអង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ទៀត​ផង។ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​ទាំង​នោះ ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។ អ្វីៗ​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។ ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​វិញ។ ឱ​ព្រះ‌បិតា​ដ៏វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ​ដោយ​ព្រះ‌នាម​ព្រះអង្គ​ផង គឺ​ព្រះ‌នាម​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 17:1-11