យ៉ូហាន 17:1-11

យ៉ូហាន 17:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ​ភក្ត្រ​ទៅ​លើ​មេឃ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ‌វរបិតា​អើយ ពេល​កំណត់​បាន​មក​ដល់​ហើយ សូម​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​លើក​តម្កើង​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា។ ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។ ទូល​បង្គំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​ទូល​បង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ហើយ។ ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។ ទូល​បង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ញែក​ពី​លោកីយ៍​នេះ​ប្រទាន​មក​ទូល​បង្គំ​ស្គាល់​ហើយ អ្នក​ទាំង​នោះ​ជា​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រទាន​គេ​មក​ទូល​បង្គំ បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ឥឡូវ​នេះ គេ​ដឹង​ហើយ​ថា អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល​បង្គំ សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់ ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល​បង្គំ​មក​ពី​ព្រះ‌អង្គ ក៏​ជឿ​ថា​ព្រះ‌អង្គ​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន។ ទូល​បង្គំ​មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ព្រោះ​គេ​ជា​របស់​ព្រះ‌អង្គ។ អ្វីៗ​ជា​របស់​ទូល​បង្គំ ក៏​ជា​របស់​ព្រះ‌អង្គ ហើយ​អ្វីៗ​ជា​របស់​ព្រះ‌អង្គ ក៏​ជា​របស់​ទូល​បង្គំ​ដែរ ទូល​បង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ​ហើយ។ ទូល​បង្គំ​មិន​នៅ​ក្នុង​ពិភព​លោក​នេះ​ទៀត​ទេ តែ​អ្នក​ទាំង​នេះ​នៅ​ក្នុង​ពិភព​លោក​នេះ​នៅ​ឡើយ ហើយ​ទូល​បង្គំ​នឹង​ទៅ​ឯ​ព្រះ‌អង្គ ឱ​ព្រះ‌វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ព្រះ‌អង្គ​រក្សា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​មក​តែ​មួយ ដូច​យើង​រួម​មក​តែ​មួយ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​ឡើង ដើម្បី​ឲ្យ​បុត្រ​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ដែរ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​បុត្រ​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​បុត្រ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ប្រទាន​មក​បុត្រ។ រីឯ​ជីវិត​អស់‌កល្ប​ជានិច្ច​នោះ​គឺ​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ដែល​ព្រះអង្គ​ចាត់​ឲ្យ​មក។ ទូលបង្គំ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ ដែល​ព្រះអង្គ​បញ្ជា​ឲ្យ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។ ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។ ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​គេ​មក​ឲ្យ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់ ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះអង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ទៀត​ផង។ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​ទាំង​នោះ ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។ អ្វីៗ​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។ ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​វិញ។ ឱ​ព្រះ‌បិតា​ដ៏វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ​ដោយ​ព្រះ‌នាម​ព្រះអង្គ​ផង គឺ​ព្រះ‌នាម​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ដំកើង​ទ្រង់​ដែរ ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ ឥឡូវ​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ។ ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូលបង្គំ គេ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់ (របស់​ទូលបង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូលបង្គំ​ដែរ) ទូលបង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ តែ​ទូលបង្គំ​មិន​នៅ​ក្នុង​លោកីយ​ទៀត​ទេ ទូលបង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះវរ‌បិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះ‌នាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ

ចែក​រំលែក
អាន យ៉ូហាន 17