យ៉ូហាន 13:1-10

យ៉ូហាន 13:1-10 គខប

នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ​ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះអង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ ពេល​នោះ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សា‌តាំង*​បាន​ធ្វើ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ‌ជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះ‌ជាម្ចាស់​វិញ។ ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។ បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។ ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ»។ លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 13:1-10