យ៉ូហាន 12
12
នាងម៉ារីចាក់ប្រេងក្រអូបលាបព្រះបាទាព្រះយេស៊ូ
(ម៉ាថាយ ២៦.៦-១៣ ម៉ាកុស ១៤.៣-៩)
1ប្រាំមួយថ្ងៃមុនបុណ្យចម្លង* ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញ។ 2នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ 3#លក ៧.៣៧-៣៨នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលុប មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ 4ពេលនោះ សិស្ស*ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គ ពោលឡើងថា៖ 5«ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង* ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ 6គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ 7ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ 8#ទក ១៥.១១អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
ការឃុបឃិតចង់សម្លាប់លោកឡាសារ
9ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមក មិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ 10ពួកនាយកបូជាចារ្យ*បានសម្រេចចិត្តសម្លាប់លោកឡាសារដែរ 11ព្រោះតែគាត់នេះហើយបានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ មកជឿលើព្រះយេស៊ូ។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ.២១.១-១១ មក.១១.១-១១ លក.១៩.២៨-៤០)
12នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង*។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម 13#ទំន ១១៨.២៥, ២៦គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖
«ជយោ! # ១២.១៣ «ជយោ» ភាសាដើមៈ «ហូសាណា» ជាពាក្យជយឃោសដែលមានន័យថា «សូមមេត្តាជួយផង!»។ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ
ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់
គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
14ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖
15 #
សក ៩.៩
«ប្រជាជន#១២.១៥ ពាក្យដើម«កូនស្រីក្រុងស៊ីយ៉ូនអើយ!»។ក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី!
មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក
យាងមកដល់ហើយ
ព្រះអង្គគង់លើខ្នងកូនលា»។
16នៅពេលនោះ ពួកសិស្ស*ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសម្តែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មានថ្វាយព្រះអង្គ ស្របតាមគម្ពីរដែរ។ 17អស់អ្នកដែលនៅជាមួយព្រះយេស៊ូ កាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាពអំពីកិច្ចការដែលព្រះអង្គបានធ្វើ។ 18បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ 19ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
ជនជាតិក្រិកចង់ជួបព្រះយេស៊ូ
20ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង* មានជនជាតិក្រិកខ្លះដែរ។ 21គេចូលទៅជិតលោកភីលីព ជាអ្នកភូមិបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។ 22លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។ 23ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្តែងសិរីរុងរឿងហើយ។ 24ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ 25#មថ ១០.៣៩, ១៦.២៥; មក ៨.៣៥; លក ៩.២៤, ១៧.៣៣អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ 26បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
27«ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ 28ព្រះបិតាអើយ សម្តែងសិរីរុងរឿង#១២.២៨ យើងអាចបកប្រែម្យ៉ាងទៀតថា«សូមលើកតម្កើងសិរីរុងរឿង»។ព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្តែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្តែងសិរីរុងរឿងជាថ្មីទៀត»។
29បណ្ដាជននៅទីនោះបានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀតពោលថា «មានទេវតា*និយាយមកលោក»។ 30ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះបន្លឺឡើងសម្រាប់អ្នករាល់គ្នាមិនមែនសម្រាប់ខ្ញុំទេ។ 31ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ 32រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ 33ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ 34#ទំន ១១០.៤; អស ៩.៧; អគ ៣៧.២៥; ដន ៧.១៤បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ត*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? 35តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ 36ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គយាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។
បណ្ដាជនមិនព្រមជឿព្រះយេស៊ូ
37ទោះបីព្រះយេស៊ូធ្វើទីសម្គាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល 38#អស ៥៣.១ (LXX)គឺស្របតាមសេចក្ដីដែលព្យាការី*អេសាយបានថ្លែងទុកមកថា៖
«បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី
ដែលយើងនិយាយប្រាប់?
តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី
ឲ្យនរណាឃើញ?»។
39គេពុំអាចជឿឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖
40 #
អស ៦.១០ (LXX) «ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់
ឲ្យចិត្តគេរឹង
មិនឲ្យភ្នែកគេមើលឃើញ
មិនឲ្យប្រាជ្ញាគេយល់
ហើយមិនឲ្យគេងាកមករកយើង
ក្រែងលោយើងប្រោសគេឲ្យជា»។
41ព្យាការីអេសាយពោលពាក្យទាំងនេះមកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។
42ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី* និងខ្លាចគេដេញចេញពីសាលាប្រជុំ* 43ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។
44ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ 45អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ។ 46ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ 47បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ 48អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ 49ពាក្យដែលខ្ញុំបាននិយាយនេះមិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គបង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ 50ខ្ញុំដឹងថាបទបញ្ជារបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.